ភ្នំពេញ៖ ការក្លាយជាភ្នាក់ងារអចលនទ្រព្យមានគុណតម្លៃ និងទទួលបានជោគជ័យ មិនមែនជារឿងសាមញ្ញពេកនោះទេ ខណៈអាជីពនេះកំពុងទទួលបានជោគជ័យ និងមានតម្លៃកាន់តែខ្ពស់នៅក្នុងសង្គម។
នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បានមានប្រសាសន៍ថា ការធ្វើជាភ្នាក់ងារអចលនទ្រព្យ ដែលទទួលបានជោគជ័យ ភ្នាក់ងារនោះ ត្រូវមានគុណសម្បត្តិចំនួន៦ចំណុច ដូចជា សុច្ចរឹតភាព ភាពស្មោះត្រង់ ចំណេះដឹង ជំនាញជាក់លាក់ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងធ្វើការដោយឆ្លាតវៃ។លោកបន្តថា អ្វីសំខាន់បន្ថែមទៀត គឺអ្នកចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យ ត្រូវខិតខំបង្វឹកខ្លួនឯង ប៉ុន្តែសំខាន់បំផុតគឺមានសុច្ចរឹតភាព និងភាពស្មោះត្រង់ ទើបទទួលបាននូវគុណតម្លៃ និងទទួលជោគជ័យក្នុងអាជីពនេះ។
អ្នកនាងបន្តថា “អតិថិជននឹងជឿជាក់លើគាត់ ប្រសិនជាគាត់មានសុច្ចរឹតភាព និងភាពស្មោះត្រង់ ប៉ុន្តែអ្នកមានចំណុចពីរនេះ ពិបាករកណាស់ ហេតុនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកចង់ប្រឡូកក្នុងវិស័យនេះ ត្រូវគិតពីផលរយៈពេលវែង”។អ្នកនាងបន្តថា “ក្រៅពីចំណុចទាំងពីរខាងលើ ចំណេះដឹងផ្សេងទៀត គឺយើងអាចប ង្វឹកបាន ប៉ុន្តែសុច្ចរឹតភាព និងភាពស្មោះត្រង់ត្រូវចេញពីខ្លួនរបស់គាត់”។
ការមានចំណេះដឹងជាតិ អន្តរជាតិ យល់ដឹងទាក់ទងពីទីផ្សារ ច្បាប់ ប្លង់អចលនទ្រព្យច្បាស់លាស់ នឹងធ្វើឲ្យអតិថិជនជឿជាក់លើគាត់ ព្រោះនៅពេលអតិថិជនជឿជាក់លើគាត់ ពួកគេនឹងមានទំនុកចិត្ត និងមានទំនាក់ទំនងល្អ ហើយពេលណាម្ចាស់អចលនទ្រព្យជឿជាក់លើគាត់ ពួកគេនឹងទទួលបានជោគជ័យក្នុងអាជីពនេះ។ អ្នកនាង Grace Rachny Fong បញ្ជាក់ឲ្យដឹង។
អ្នកនាងបន្ថែមថា “អាជីពនេះមិនត្រឹមតែធ្វើឲ្យគាត់មានលុយទេ ប៉ុន្តែក៏មានគុណតម្លៃខ្ពស់នៅក្នុងសង្គមផងដែរ”។
នៅប្រទេសជប៉ុន ពួកគេផ្តោតលើធនធានមនុស្ស ដែលមានសុច្ចរឹតភាព ដើម្បីកសាងទំនុកចិត្តក្នុងទីផ្សារ និងមានការផ្តល់សេវាកម្មលើសការរំពឹងទុក។
អ្នកនាង Grace Rachny Fong បានទទូចថា “ប្រសិនជាចង់ចាប់អាជីពនេះឲ្យមានអនាគតល្អ និងមានជោគជ័យ អ្នកចង់ចាប់អាជីពនេះត្រូវគិតគូរវែងឆ្ងាយ ជាជាងគិតបែបឆក់កណ្តៀត”៕
ប្រភព : Property area