ភ្នំពេញ កំណើននៃការវិនិយោគ និងបរិយាកាសអាជីវកម្មកាន់តែប្រសើរបានធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យក្រុងប៉ោយប៉ែតបានកើនឡើងទ្វេរដង ក្នុងដំណាច់ឆមាសទី១ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រធានការិយាល័យដែនដី នគរូបនីយកម្មនិងសំណង់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលោកលោកប៉ង់ រ៉ុមបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការរីកចម្រើនសេដ្ឋកិច្ច និងស្ថានភាពនយោបាយមានភាពល្អប្រសើរ ទុនវិនិយោគក្នុងវិស័យសំណង់បានកើឡើងខ្ពស់ ដោយមានគំរោងចំនួន៨៥ ដែលបានបញ្ចប់និងកំពុងសាងសង់នៅក្នុងទីក្រុងនេះ ដែលចំនួននេះកើនឡើងជាងទ្វេរដង បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់ស្ថាប័នដដែលនេះបានឲ្យដឹងថា វិស័យសំណង់នៅក្នុងក្រុងប៉ោយប៉ែតកាលពីឆ្នាំមុន មានចំនួន១២៥គម្រោង ស្មើនឹងផ្ទៃក្រឡាជាង៥ម៉ឺនម៉ែត្រក្រឡា ប្រើទុនវិនិយោគជិត២០លានដុល្លាសរអាមេរិក។ ក្នុងនោះប្រភេទសំណង់លំនៅដ្ឋានមាន១០៣គម្រោង ក្រៅពីនោះជាប្រភេទសំណង់ពាណិជ្ជកម្ម ឧស្សាហកម្ម សាធារណ:របស់រដ្ឋ សាធារណ:មិនមែនជាថវិការបស់រដ្ឋ ទេសចរណ៍និងវិនិយោគជាដើម។
ជាមួយគ្នានេះ លោកប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា គម្រោងសំណង់ ដែលបាននិងកំពុងសាងសង់នៅខេត្តបន្ទាយមានជ័យ ពិសេសនៅក្រុងប៉ោយប៉ែត ក្បែរច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងព្រំដែនថៃបានកើនឡើងពី៣០ ទៅ៤០ភាគរយនាដើមឆ្នាំមកទល់ខែកក្កដាឆ្នាំ២០១៨នេះ។
លោកបន្តថា “ការរីកចម្រើនវិស័យសំណង់ ជាការឆ្លុះបញ្ចាំងពីការរីកចម្រើន និងជីវភាពរបស់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ចជាតិ និងខេត្ត ដែលជំរុញធ្វើឲ្យបរិយាកាសវិនិយោគកាន់តែមានភាពល្អប្រសើរ”។ លោកបន្តថា “ក្នុងចំណោមអាគារសំណង់ទាំងនោះ មានសំណង់ធំៗរបស់ក្រុមហ៊ុនចម្រុះខ្មែរ និងបរទេស ដែលបានកសាងអគារពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម សហគ្រាស ឃ្លាំង បូរីនិងលំនៅដ្ឋាន”៕
ប្រភព : Property area