Register Already an agent ? Login

តោះទៅមើលខេត្តជាប់តំបន់ឆ្នេរបីទៀត ក្រៅពីកំពង់សោម តើមានសក្តានុពលអ្វីខ្លះ?

ភ្នំពេញ៖ ដកខេត្តព្រះសីហនុចេញពីក្នុងអត្ថបទនេះ យើងនាំគ្នាទៅមើលសក្តានុពលអចលនវត្ថុនៅខេត្តជាប់តំបន់ឆ្នេរចំនួន៣ទៀត គឺខេត្តកំពត កែប និងខេត្តកោះកុងដែលកំពុងមានការអភិវឌ្ឍន៍រីកចម្រើនលឿនផងដែរ។

តើខេត្តនិមួយៗមានសក្តានុពលយ៉ាងដូចម្តេច? គឺអ្នកជំនាញអចលនទ្រព្យសុទ្ឋតែទទួលស្គាល់ពីការរីកចម្រើនរបស់ខេត្តទាំងនេះ និងសក្តានុពលនៅពេលអនាគត។

ខេត្តកោះកុង

កោះកុងពីមុនមកជាខេត្តដាច់ស្រយាលមួយ ដោយសារមិនមានផ្លូវគោក ប៉ុន្តែចាប់តាំងពីផ្លូវជាតិលេខ៤៨ត្រូវបានស្តារនិងកសាងឡើងវិញ ខេត្តនេះមានការរីកចម្រើនយ៉ាង​ឆាប់រហ័ស ដោយសារធនធានធម្មជាតិរបស់ខ្លួន ទាំងតំបន់ភ្នំ ទឹកធ្លាក់ និងឆ្នេរខ្សាច់ដ៏ប្រ​ណីត ដែលតំបន់ខ្លះមិនទាន់មានការអភិវឌ្ឍ និងស្ថិតនៅអាថ៌កំបាំងនៅឡើយ។

ខេត្តដែលមានទំហំ៨០គីឡូម៉ែត្រក្រឡានេះ កំពុងទាក់ទាញក្រុមហ៊ុនជាច្រើនចូលទៅវិនិយោគ ពិសេសក្រុមហ៊ុន Tianjing Union Development Group បាននិងកំពុងរៀបចំកសាងព្រលានយន្តហោះ កំពង់ផែអន្តរជាតិ និងទីក្រុងលំនៅដ្ឋានប្រណីត។ ក្រុមហ៊ុននេះ គ្រោងវិនិយោគទឹកប្រាក់៥០០០លានដុល្លារនៅលើផ្ទៃដីជាង៥ម៉ឺនហិកតា។

ជាមួយគ្នានេះ ក្រុមហ៊ុន Thai Airway ក៏បានទទួលការអនុញ្ញាត្តជាគោលការណ៍ពី​រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ព្រលានយន្តហោះ ក្នុងទីរួមខេត្តនេះឡើងវិញផងដែរ ដោយគំរោងនេះគ្រោងចំណាយទុនវិនិយោគប្រមាណ៤០លានដុល្លារអាមេរិក។

ជាមួយនឹងការវិនិយោគរបស់ក្រុមហ៊ុនលី យ៉ុងផាត់គ្រុបលើកាស៊ីណូ សណ្ឋាគារ នៅព្រំប្រទល់ខ្មែរ ថៃនាទឹកដីខេត្តកោះកុង និងខេត្តត្រាដរបស់ថៃ និងតំបន់សេដ្ឋកិច្ចពិសេ​សមួយចំនួន ខេត្តនេះក៏មានសក្តានុពលសេដ្ឋកិច្ចសម្រាប់បំរើការនាំចេញ និងងាយស្រួល​ក្នុងការនាំចេញទៅកាន់ប្រទេសថៃផងដែរ។

Koh Kong Province

ខេត្តកែប

ខេត្តកែប ជាខេត្តតូចច្រឡឹងមួយដែលមានចម្ងាយ១៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេ​ញ។ ខេត្តនេះមានស្រុក១ និងក្រុងមួយប៉ុណ្ណោះ គឺស្រុកដំណាក់ចង្អើរ និងក្រុងកែប ដែលមានរមណីយដ្ឋានទាក់ទាញជាច្រើន ដូចជាតំបន់ឆ្នេរខ្សាច់ និងនាងត្រល់មាស កោះទន្សាយ កោះពោធន៍ ចំការម្រេច និងស្រែអំបិលជាដើម។

ក្រុងកែបជា ក្រុងតែមួយគត់នៅកម្ពុជានិងក្នុងតំបន់អាស៊ាន ដែលមានឧទ្យានជាតិកណ្តាលក្រុង ដែលធ្វើឲ្យទីក្រុងនេះមានភាពមនោរម្យ ដោយសារសម្រស់ធម្មជាតិរបស់ខេត្តនេះ ដែលសម្បូរទៅដោយដើមឈើធំៗ ត្រឈឹងត្រឈៃ ពិសេសមានអាហារសមុទ្រ ដ៏មានឳជារសប្លែកពីគេ គឺក្តាមខេត្តកែប មានរសជាតិឆ្ងាញ់ជាងគេ បើធៀបនឹងជលផល​សមុទ្រនៅខេត្តដទៃទៀត។

ខេត្តនេះកំពុងសាងសង់កំពង់ផែទេសចរណ៍ និងផ្សារធំមួយក្រោមជំនួយពីធនាគារ​អភិវឌ្ឍន៍អាស៊ី ដែលពេលអនាគតនៅពេលកំពង់ផែនេះបញ្ចប់ការសាងសង់ ខេត្តនេះនឹង​មានការរីកចម្រើនផ្នែកទេសចរណ៍ ដោយសារកំពង់ផែនេះអាចតភ្ជាប់ខ្សែសង្វាក់ដឹកជញ្ជូ​នទេសចរណ៍ ក៏ដូចជាទំនិញ ជាមួយកំពង់ផែទេសរណ៍នៅកោះត្រល់  និងប្រទេសថៃផងដែរ។

Kep Province

កំពត

ខេត្តកំពតមានចម្ងាយត្រឹម១៤៨គីឡូម៉ែត្រប៉ុណ្ណោះ តាមផ្លវជាតិលេខ៣ ស្របពេ​ល​​ផ្លូវជាតិនេះកំពុងចាប់ផ្តើមបើកការដ្ឋានពង្រីក ដែលអាចចរាចររថយន្តបានពីរគន្លង​ទៅមក ដែលធ្វើឲ្យខេត្តនេះកាន់តែមានសក្តានុពលរីកចម្រើនលើផ្នែកសេដ្ឋកិច្ច អចលន​ទ្រព្យនិងវិស័យទេសចរណ៍។

ខេត្តនេះមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងវប្បធម៌ចំនួន១៨ទីតាំង ដែលមានភាពអំណោយផលសម្រាប់ការកំសាន្តរបស់ភ្ញៀវជាតិអន្តរជាតិ ពិសេសរមណីយដ្ឋាន​ភ្នំបូកគោ រមណីយដ្ឋានតាមដងព្រែកកំពង់បាយ ភ្នំឈ្ងោក ភ្នំកំពង់ត្រាចជាដើម។

ខេត្តនេះកំពុងទាក់ទាញក្រុមហ៊ុនអចលនទ្រព្យជាច្រើន ទៅវិនិយោគនៅទីនោះ ដូចជាក្រុមហ៊ុនថៃ ប៉ុនរ៉ុងកំពុងសាងសង់អាគារខ្ពស់កប់ពពកតំបូងគេ នៅក្នុងខេត្តនេះ ដែលនឹងដើរតួនាទីជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សម្រាប់បំរើឲ្យភ្ញៀវទេសចរណ៍ និងអ្នក​វិនិយោគនៅក្នុងខេត្ត។

លើសពីនេះកំពង់ផែទឹកជ្រៅ និងតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ បាននិងកំពុងសាងសង់ដោយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន ដើម្បីពង្រីកការដឹកជញ្ជូន និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាយ៉ាងសម្បើមនាពេលអនាគត។

បន្ទាប់ពីកំពង់ផែទឹកជ្រៅថ្មី និងតំបន់សេដ្ឋកិច្ចពិសេសសាងសង់រួច ខេត្តកំពតនឹងរះចែងចាំងមួយទៀតនៅភាគនារិតីរបស់កម្ពុជា ដែលសម្តេចតេជោប្រសិទ្ឋិនាមតំបន់ឆ្នេរ​កម្ពុជាជា “តារារះនាទិសនារតី”។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន KFA បានមានប្រសាសន៍ថា ខេត្តកំពតកែប និងខេត្តកោះកុងពិតជាមានការរីកចម្រើនលឿន ធៀបនឹងប៉ុន្មានឆ្នាំមុន ដោយសារ​សក្តានុពលរបស់ខេត្ត បានទាក់ទាញក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនទៅវិនិយោគនៅតាមបណ្តាខេត្តទាំងនោះ។លោកបន្តថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរយៈពេលវែង បានធ្វើឲ្យកម្ពុជាប្រៀបដូចជាកូនក្រមុំមួយ ដែលកំពុងស្ថិតក្នុងគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ។

លោកបន្តថា “ខេត្តទាំងនេះនឹងមានភាពរីកចម្រើនបន្ថែមទៀត នាពេលអនាគតដោយសារមូលដ្ឋានសេដ្ឋកិច្ច សណ្ឋានដីល្អប្រសើរ និងលក្ខខ័ណ្ឌអាកាសធាតុអំណោយ​ផង”៕

Kompot Province

ប្រភព : Property area