ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមាននៃជនជាតិចិន បានចូលមករស់នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ហើយហ៊ានជួលដីឬផ្ទះស្នាក់នៅមានតម្លៃខ្ពស់ជាងទីផ្សារ ក្នុងប្រទេសកម្ពុជាទ្វេរដងទៀតផង។
លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឡាក់គី (Lucky Real Estate Cambodia) មានប្រសាសន៍ថា បច្ចុប្បន្នវត្តមានវិនិយោគិនចិន បានចូលមកស្នាក់នៅកម្ពុជាកាន់តែច្រើនឡើងៗគួរឱ្យកត់សម្គាល់មែន ពិសេសចូលមករស់នៅក្នុងក្រុងភ្នំពេញ និងខេត្តកំពង់សោម ដែលធ្វើឱ្យទីក្រុងជាប់មាត់សមុទ្រមួយនេះ ស្ទើរតែក្លាយជាទីក្រុងចិនឬហៅថា (China Town) ដូចនៅប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីដែរ។
លោកថា កត្តាដែលធ្វើឱ្យជនជាតិចិនហ៊ានជួលអចលនទ្រព្យ ដីធ្លី ផ្ទះសំបែង ថ្លៃខ្ពស់ខ្លាំងដើម្បីស្នាក់នៅធ្វើការវិនិយោគផ្សេងៗនេះ ទី1.គឺដោយសារជាតម្រូវការចាំបាច់ ក្នុងការស្នាក់នៅ ឬជាទីតាំងដែលមានសក្តាសនុពលក្នុងការបណ្តាក់ទុនរកស៊ី។ ទី2.ជួនកាលគាត់មិនបានជួលផ្ទាល់ពីម្ចាស់ផ្ទះឬម្ចាស់ដីនោះទេ ពោលគឺជួលតៗគ្នា ដែលធ្វើឱ្យអ្នកជួលរកប្រាក់ចំណេញតៗគ្នា ទើបបានជាធ្វើឱ្យការជួលមានតម្លៃថ្លៃលើសទីផ្សារទេ្វរដងដូច្នេះ។ និងទី3.ដោយសារតម្រូវការខ្លាំង ក្នុងដាក់បង្កើតស្នាក់ការក្រុមហ៊ុនដើម្បីធ្វើការវិនិយោគផ្សេងៗ។
តំបន់ដែលជនជាតិចិនរស់នៅច្រើនក្នុងក្រុងភ្នំពេញ មានដូចជាតំបន់បឹងកេងកង តំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងផ្សាររតនាផ្លាហ្សាជាដើម។ ការមកស្នាក់នៅក្រុងភ្នំពេញនេះ គឺដោយសារពួកគាត់មករកស៊ីបណ្តាក់ទុនក្នុងវិស័យវាយណភណ្ឌកាត់ដេរ និងការវិស័យអចលនទ្រព្យ ដីធ្លី និងសាងសង់សំណង់ខុនដូរលក់ជាដើម។ លោកថាការមករកស៊ីដីធ្លីនិងសំណង់នេះ គឺដោយសារជនជាតិចិនមើលឃើញឱកាសវិនិយោគកម្ពុជា នៅមានច្រើន ទទួលផលចំណេញច្រើនទៅថ្ងៃអនាគត ខណៈដែលប្រទេសរបស់ខ្លួន តម្លៃអចលនទ្រព្យឡើងខ្ពស់ស្ទើរខ្លាំង ស្ទើរអស់ឱកាសរកប្រាក់ចំណេញលែងបានហើយនោះ៕
ប្រភព : Property area