ភ្នំពេញ៖ ក្រុមអ្នកជំនាញនៅតែមានសុទិដ្ឋិនិយម ចំពោះការរីកចម្រើនលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា បើទោះបីប្រទេសមួយនេះ កំពុងរៀបចំការបោះឆ្នោតឆ្នាំ ២០១៨យ៉ាងណាក្តី។
លោក ឃាង ពុទ្ធី អគ្គនាយកក្រុមហ៊ុន Sleukrith Realty បានឲ្យដឹងនៅក្នុងកម្មវិធីពិភាក្សាអលនទ្រព្យកាលពីថ្ងៃទី៦ខែកក្កដា ឆ្នាំ២០១៨កន្លងមកថា វិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន គឺថាមានភាពវិជ្ជមានសម្រាប់ការវិនិយោគ និងដំណើរការល្អប្រសើរស្របពេលដែលប្រទេសកម្ពុជា កំពុងរៀបចំការបោះឆ្នោត និងមានស្ថេរភាពនយោបាយល្អប្រសើរ ខណៈស្ថានភាពនយោបាយ ក្នុងប្រទេសមួយចំនួនក្នុងតំបន់មិនសូវល្អប្រសើរ ដែលធ្វើអោយអ្នកវិនិយោគិនអន្តរជាតិ តែងតែសំឡឹងមើលពីបញ្ហានេះ ហើយសម្រេចចិត្តមកវិនិយោគក្នុងប្រទេសកម្ពុជា។
លោកបន្តថា “បច្ចុប្បន្ននេះប្រទេសកម្ពុជា គឺជាទិសដៅល្អប្រសើរសម្រាប់អ្នកវិនិយោគអន្តរជាតិ ដែលកំពុងតែចាប់យកឪកាសនេះ ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យក្នុងចំណោមវិស័យផ្សេងទៀត។
លោកបន្តទៀតថា ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគតវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជានៅតែល្អប្រសើរ បើកត្តានយោបាយរក្សាបានល្អប្រសើរបែបនេះ។លោកបញ្ជាក់ទៀតថា ស្ថេរភាពនយោបាយក្នុងប្រទេស ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរីកចម្រើនលើវិស័យអចលនទ្រព្យ និងវិស័យផ្សេងទៀត ព្រមទាំងទាក់ទាញអ្នកវិនិយោគិននានាមកវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា។
លោកអ៊ិន មានស្ថាបនិកគេហទំព័រ khmerhome.com បានដឹងដែរថា ស្ថានភាពនយោបាយ និងប្រទេសកម្ពុជាកំពុងរៀបចំការបោះឆ្នោតនាពេលនេះ មិនធ្វើអោយប៉ះពាល់ដំណើរការរកស៊ីលើវិស័យអចលនទ្រព្យនោះទេ ដោយសារតែលោកមើលឃើញថាសកម្មភាពទិញ ឬលក់កំពុងតែរស់រវើក។
លោកបញ្ជាក់ទៀតថា ដើម្បីរួមចំណែកជាមួយការរីកចម្រើនសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ស្របតាមគោលនបាយរបស់រាជរដ្ឋាភិបាលកម្ពុជានោះ គេហទំព័រ Khmerhome.com បានបង្កើត App មួយដើម្បីប្រមូលផ្តុំព័ត៌មានអចលនទ្រព្យនៅមួយកន្លែង ដើម្បីសម្រាប់ឲ្យអ្នករកស៊ីលើវិស័យនេះ ទទួលបានព័ត៌មាន និងមានភាពងាយស្រួលក្នុងការវិនិយោគ និងការសម្រេចចិត្តទិញលើវិស័យអចនលទ្រព្យ៕
ប្រភព : Property area