ភ្នំពេញ៖ កំរ៉ៃជើងសារពីការទិញលក់ ឬជួលអចលនទ្រព្យ មិនមែនគេឲ្យយើងស្រួលៗឬងាយនោះទេ បើសិនជាយើងគ្មានវិធីសាស្រ្តច្បាស់លាស់ និងគ្មានសិល្ប៍វិធីក្នុងការនិយាយឲ្យបានច្បាស់ជាមួយម្ចាស់អចលនវត្ថុនានា។
លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ការមិនមានវិធីសាស្រ្តក្នុងការនិយាយ និងមិនមានជំហជាក់លាក់ និងច្បាស់លាស់ ភ្នាក់ងារអចលនវត្ថុ នឹងមិនអាចរកកំរ៉ៃជើងសារពីអ្នកលក់ អ្នកជួលអចលនទ្រព្យបាន៣ភាគរយ ដែលសមាគមកំណត់ឡើយ។ លោកបន្តថា ភ្នាក់ងារអចលនវត្ថុថ្មីៗ ពួកគេ១ភាគរយក៏យក ពីរភាគរយក៏យក និងកម្រទទួលយកបានបីភាគរយណាស់។
លោកបន្តថា “សម្រាប់ខ្ញុំយក៣ទៅ៥ភាគរយ ហើយដើម្បីទទួលយកបានកំរ៉ៃជើងសារបែបនេះ យើងត្រូវប្រកាន់តួនាទីរបស់យើង និងធ្វើការប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ”។លោកបន្តថា “យើងត្រូវនិយាយថា យើង”យក”បី ឬ៥ភាគរយ មិនមែនប្រើពាក្យ”សុំ”នោះទេ នៅពេលយើងប្រើពាក្យ”សុំ” គេមិនឲ្យយើងទេ”។
លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ធ្វើជាភ្នាក់ងារអចលវត្ថុយើងត្រូវតែស្អាត រៀបចំឬកពារឲ្យឡូយ មិនមែនខោមិនខោ អាវមិនអាវនោះទេ ព្រោះបើយើង
មិនចេះរៀបចំឬកពារ ម្ចាស់អចលនទ្រព្យដែលមានតម្លៃរាប់ម៉ឺន រាប់លានដុល្លារ គេមិនទុកចិត្តយើង និងមិនឲ្យតម្លៃយើងនោះទេ ហើយយើងក៏នឹងមិនទទួលបានជោគជ័យជាមួយពួកគេដែរ។
លោកបន្តថា ភាពជាភ្នាក់ងារអចលនទ្រព្យជំនាញ ធ្វើការងារច្បាស់លាស់ ស្មោះត្រង់ និងអាចជួយម្ចាស់អចលនទ្រព្យលើការរៀបចំ ឬរត់ឯកសារនានាបានកាន់តែច្រើន កាន់តែប្រសើរ ហើយគេនឹងមានទំនុកចិត្តលើយើង ហើយគេនឹងរត់រកយើងនៅពេលពួកគេត្រូវការទិញ ឬលក់អចលនទ្រព្យលើកក្រោយៗទៀត៕
ប្រភព : Property area