ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Twin Tower ដែលនឹងសាងសង់កំពស់៥៦១ម៉ែត្រ និងជាអាគារភ្លោះខ្ពស់ជាងគេក្នុងតំបន់អាស៊ាន និងពិភពលោកត្រូវបានក្រុមវិស្វករ និងស្ថាបត្យករមកពីប្រទេសចំនួនបួនចូលរួមគូ និងសាងសង់នាពេលឆាប់ៗខាងមុខនេះ។
លោកសាស្រ្តាចារ្យទួស សាភឿនស្ថាបត្យករចូលរួមគូប្លង់គំរោងនេះ និងជាមន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន Thai Bunrong Group ដែលជាអ្នកអភិវឌ្ឍន៍គំរោងនេះបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋអនឡាញកាលពីពេលថ្មីៗនេះថា ក្រុមស្ថាបត្យករ និងវិស្វករលំដាប់ពិភពលោក ដែលធ្លាប់មានបទពិសោធន៍សាងសង់អាគារខ្ពស់ៗមកពីបួនប្រទេស កំពុងសិក្សាពីការសាងសង់អាគារនេះ។លោកបន្តថា ក្រុមស្ថាបត្យករ និងវិស្វករចូលរួមគូរប្លង់អាគារភ្លោះកប់ពពកនេះ មានមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ប្រទេសចិន និងក្រុមស្ថាបត្យករ និងវិស្វករពោរពេញដោយជំនាញ និងបទពិសោធន៍កម្ពុជាជាច្រើនរូបផងដែរ។
លោកបន្តថា រហូតមកទល់ពេលនេះ ក្រុមអ្នកជំនាញនិងក្រុមហ៊ុន បានសម្រេចបន្ថែមកំពស់អាគារនេះ ដល់កំពស់៥៦១ម៉ែត្រ និងបង្កើនទុនវិនិយោគផ្នែកសំណង់រហូត ដល់ជាង៣០០០លានដុល្លារអាមេរិក និងជាង៣០០០លានដុល្លារទៀត នឹងត្រូវប្រើប្រាស់ធ្វើឲ្យអាគារនេះដំណើរការដោយរសរវើក។
លោកបន្តថា “ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនេះ មិនមានការប្រែប្រួលទេ។ វានឹងជាមោទនភាព និងជាកិត្យានុភាពសម្រាប់កម្ពុជានៅលើពិភពលោក”។លោកបន្តថា “មិនមានប្រទេសទាំងអស់អាចមានសមត្ថភាពសាងសង់ទេ ជួនកាលពួកគេមានលុយ តែមិនប្រាកដថាអាចសាងសង់បាននោះ ឡើយ”។
លោក ទួស សាភឿន បានបន្តថា ពេលនេះក្រុមហ៊ុនជីកដីធ្វើជញ្ជាំងទប់ដីកំ ពុងដំណើរការសាងសង់យ៉ាងសកម្ម ដែលតាមគំរោងការសាងសង់ជញ្ជាំងទប់ដីនឹងចំណាយពេលអស់១៦ខែ ប៉ុន្តែយើងបាននិងកំពុងព្យាយាមឲ្យក្រុមហ៊ុនពន្លឿនការងារនេះ ដើម្បីការរៀបចំបើកការដ្ឋានសាងសង់អាគារនេះដំណើរការឆាប់ៗបាន។
អាគារនេះនឹងវិនិយោគដោយក្រុមហ៊ុនថៃ ប៊ុនរ៉ុង ជាមួយក្រុមហ៊ុន Sun Kian Ip Group របស់ប្រទេសចិន ដើម្បីសាងសង់អគារនេះដែលមានទីតាំងនៅទល់មុខសណ្ឋាគារ និងកាស៊ីណូណាហ្កាទី១ (អតីតសួនកម្សាន្តឌ្រីមលែនដ៏)៕
ប្រភព : Property area