ភ្នំពេញ៖ ក្រុមអ្នកជំនាញ និងអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យប្រមាណ៧០០នាក់ នឹងមកកាន់កម្ពុជាដើម្បីចូលរួមក្នុងសន្និសីទកំពូលមួយ ដែលនឹងរៀបចំធ្វើឡើងនៅទីក្រុងភ្នំពេញនាពេលខាងមុខនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងឲ្យដឹងនៅពេលថ្មីៗនេះថា The ARENA Convention& Expo ២០១៨ នឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ដល់២៦សីហាខាងមុខនេះ ដោយនឹងមានអ្នកចូលរួមប្រមាណ៧០០នាក់ ក្នុងនោះ៣៥០នាក់ នឹងអញ្ជើញមកពីជុំវិញពិភពលោក ដូចជា តំបន់អាស៊ាន អឺរ៉ុប ចិន កូរ៉េ ជប៉ុន អូស្រ្តាលី ព្រមទាំងអាមេរិក និងមានការចូលរួមពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុចូលរួមប្រមាណ៣៥០នាក់ទៀត។
ប្រធានបទនៃវេទិកាដ៏ធំនេះ “តើការរកស៊ីអចលនទ្រព្យនៅលើពិភពលោកគេធ្វើបែបណា?” ដោយមានការចូលរួមពីវាគ្មិន១២រូប ដែលជាប្រធានសមាគមអចលនទ្រព្យមកពី១២ប្រទេស។
យោងតាមសេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសគណកម្មការសម្រាប់កម្មវិធី ERANA Convention &Expo 2018 របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានចេញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា សមាគមត្រូវការជ្រើសរើសគណកម្មការ សម្រាប់រៀបចំកម្មវិធីខាងលើនេះ ដែលសមាគមCVEA ធ្វើម្ចាស់ផ្ទះនិងជាប្រធានប្តូរវេនផង។
ក្នុងកម្មវិធីនេះសមាគមត្រូវរៀបចំគណកម្មការ ដែលមានសមាសភាពចំនួន២០រូប ដែលជាប្រធានក្រុមហ៊ុន សមាជិក សមាជិការបស់សមាគម ដើម្បីរៀបចំដំណើរការកម្មវិធីនេះ ឲ្យប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក ដើម្បីផ្តល់ឳកាសឲ្យសមាជិកសមាគម បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយអ្នកជំនាញអចលនវត្ថុពីក្រៅប្រទេសផងដែរ៕
ប្រភព : Property area