ភ្នំពេញ៖ ប្រទេសថៃកំពុងរត់ប្រដេញជាមួយប្រទេសក្នុងតំបន់ ដើម្បីបង្ហាញកិត្យានុភាព និងឧត្តមភាពសេដ្ឋកិច្ចរបស់ខ្លួន ដែលជាប់លំដាប់លេខ២ក្នុងតំបន់អាស៊ានតាមរយៈការសាងសង់អាគារកប់ពពកមួយ ដែលមានកំពស់រហូតដល់៦១៥ម៉ែត្រ។
អាគារកប់ពពកចំនួន ៦១៥ ម៉ែត្រនេះ នឹងមានកំពស់១២៥ជាន់ដែលវានឹងជាអគារខ្ពស់ជាងគេក្នុងតំបន់អាស៊ាន ។ ការសាងសង់អគារនេះ ត្រូវបានគបោះទុនវិនិយោគចំនួន១០០ពាន់លានបាត ស្ថិតនៅលើទំហំដី១១,៧ហិកតា ក្នុងទីក្រុងបាងកកប្រទេសថៃ។
លោក Yotin Boondicharern អគ្គនាយកក្រុមហ៊ុន G Land Banphot Hongthong បានថ្លែងអោយដឹងកាលពីពេលថ្មីៗនេះថា អគារនេះនឹងផ្លាស់ប្តូរមុខមាត់ថ្មីមួយទៀតសម្រាប់ទីក្រុងបាងកក និងចូលរួមទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកម្សាន្តយ៉ាងហោចណាស់ បានមួយម្តងក្នុងឆាកជីវិតរបស់ពួកគេ។លោកបន្តថា អគារនេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Channel 7 Group ធនាគារបាងកក និងក្រុមហ៊ុន Italian-Thai Development Group ដោយក្នុងនោះធនាគារប្រទេសថៃចំនួន៤ បានធានា ក្នុងការផ្តល់ឥណទាន ថវិកាសាងសង់ទៅលើសំណងចំនួន១៨ពាន់លានបាត។
អគារដ៏អស្ចារ្យនេះ ត្រូវបានជួលក្រុមហ៊ុនល្បីរបស់សហរដ្ឋអាមេរិក Skidmore, Owing & Merrill ជាអ្នកគូប្លង់ និងប្រឹក្សាយោបល់ ប៉ុន្តែអ្នកដែលរចនាប្លង់គឺក្រុមហ៊ុនក្នុងស្រុកជាអ្នកគូ។
អគារដ៏សំខាន់នេះ ត្រូវបានគេប្រើប្រាស់រួមមានការិយាល័យ ផ្សារទំនើប សណ្ឋាគារ មហោស្រព និងខុនដូ ។ តាមគម្រោងអគារនេះត្រូវបានគេរំពឹងថា នឹងសាងបញ្ចប់នៅក្នុងឆ្នាំ២០២១ គឺជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន និងខ្ពស់លំដាប់ទី១០នៅលើពិភពលោក៕
ប្រភព : Property area