បឹងជើងឯក កាលពីអតីតកាល ត្រូវគេដឹងថាគឺជាទីតាំងផ្ទុកទឹកស្អុយរាប់សិបឆ្នាំ ដែលគេបង្ហូចេញពីក្រុងភ្នំពេញ ប៉ុន្តែបច្ចុប្បន្នត្រូវបានគេចាក់ខ្សាច់លប់ស្ទើរអស់ទាំងស្រុងហើយ ដើម្បីអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយជាទីក្រុងបៃតង ដូចក្រុងប៉ារីស ប្រទេសបារាំង។
ថ្លែងក្នុងសិក្ខាសាលារួមមួយជាមួយភាគីប្រទេសបារាំង លោក ខួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ដើម្បីលើកំពស់សោភណ្ឌភាពទីក្រុង ឱ្យកាន់តែស្រស់ស្អាត សាលារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរក្រុងប៉ារីស ក្នុងការអភិវឌ្ឍន៍តំបន់ជើងឯកឱ្យក្លាយជាទីក្រុងបៃតង ដោយយកគំរូតាមទីក្រុងប៉ារីសប្រទេសបារាំង ក្នុងការៀបចំហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារពាណិជ្ជកម្មនានាក្នុងតំបន់នេះនាពេលខាងមុខ។
គំរោងអភិវឌ្ឍន៍ថ្មីនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញ ដោយតំបន់ភាគខាងត្បូងជាទីតាំងដែលមានទំហុំធំទូលាយមួយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានសក្តានុពលក្នុងការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពិសេសសំណង់ពាណិជជ្ជកម្ម ដែលជាដើមចមនាំឱ្យសាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឱ្យមានភាពស្រស់បំព្រង ចង់ឱ្យតំបន់នោះក្លាយជាតំបន់បៃតងដែលមានបរិស្ថានល្អ ពិសេសជៀសផុតពីគ្រោះទឹកជំនន់។
លោកស្រី អេឡូឌី គុយអង់កា តំណាងសាលាក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង បានថ្លែងថា ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលទីក្រុងភ្នំពេញបាននិងកំពុងជួបប្រទះ គឺមានការងារអាទិភាពចំនួនពីរ ត្រូវបានដាក់ឱ្យសិក្សាដូចជា ការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំង និងការពង្រឹងការរំដោះនិងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងពង្រីកទៅភាគខាងជើង នៃតិរវិថីព្រះស៊ីសុវត្ថិ។
ភាគីបារាំង តែងតែជួយគាំទ្រកិច្ចសហប្រតិបត្តិការ ដល់សាលារាជធានីភ្នំពេញ និងបានបញ្ជូនអ្នកជំនាញមកសិក្សាពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពថែមទៀត នៃកិច្ចប្រតិបត្តិការលើការរៀបចំអភិវឌ្ឍ ជាពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដូចជាការអភិវឌ្ឍន៍បណ្តាញធារាសាស្រ្ត សំណង់ធំតូច លំហូរចរាចរណ៍ រៀបចំបណ្តាញផ្លូវឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបន្តចូលរួមអនុវត្តលើការអភិវឌ្ឍនគរូបនីយកម្ម និងសំណង់ក្នុងរាជធានីភ្នំពេញកាន់តែស៊ីជម្រៅ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឱ្យស្រស់បំព្រង ឆ្លើយតបទៅនឹងបរិការណ៍ថ្មីនៃសង្គម សេដ្ឋកិច្ចកម្ពុជា ៕
ប្រភព : Property area