Register Already an agent ? Login

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងជាង ១៤៨គីឡូម៉ែត្រ ខេត្តកោះកុង សម្រេចបាន ៨៣,១២%

កោះកុង៖ គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨,០៣គីឡូម៉ែត្រ សម្រេចលទ្ធផល៨៣,១២%។ បើតាម លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨,០៣គីឡូម៉ែត្រ (PK០០០+០០០- PK១៤៨+០៣៨) ប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ (AC) ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ (ចម្ការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គម្រោងសាងសង់បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បច្ចុប្បន្នសម្រេចការសាងសង់បាន ៨៣,១២%។

គ្រប់កំណាត់ នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។

ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

ខ្សែផ្លូវនេះ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕

ផ្លូវជាតិលេខ៤៨នេះ គ្រោងចំណាយថវិកាសរុបប្រមាណ ៧៨លានដុល្លារ។ គម្រោងនេះ នឹងត្រូវអនុវត្តសាងសង់ដោយក្រុម ហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture៕

ដោយ៖ មឿន ឌីណា (Moeun Dyna)