ភ្នំពេញ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោកបានចំនួន ៨៥ម៉ឺនតោន កើនឡើង២៦% បន្ទាប់ពីប្រទេសកូឌឺវ័រ ក្នុងឆ្នាំ២០២៤ ដោយបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ ៥០៣.៧៩លានដុល្លារ កើន ៣១.៦៤% បើធៀបនឹងឆ្នាំ២០២៣។ បើតាមការឱ្យដឹងពី លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
បច្ចុប្បន្ន កម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ចំនួន៥០ ក្នុងនោះ ៦ជារោងចក្រធុនមធ្យម សមត្ថភាពផលិតបាន ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ បើតាមការបន្ត លោក អួន ស៊ីឡុត ចំណែក ៤៤សហគ្រាសជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ ១ឆ្នាំនោះទេ។
បើទោះបីជា ការផលិតគ្រាប់ស្វាយចន្ទីកើនឡើងក៏ដោយ ប៉ុន្តែការកែច្នៃនៅក្នុងស្រុកហាក់មានការថយចុះ ដោយសារតម្លៃគ្រាប់ឆៅ ដែលនាំចេញទៅក្រៅប្រទេសមានតម្លៃខ្ពស់ ដែលជំរុញឱ្យកសិករ និងសហគ្រាសមួយចំនួនលក់គ្រាប់ឆៅទៅឱ្យឈ្មួញបរទេស។ ជាការបន្តទៀត លោក អួន ស៊ីឡុត។
លោក បានបន្ថែមថា ទន្ទឹមគ្នានេះ សហគ្រាសកែច្នៃក្នុងស្រុកមួយចំនួនទៀតថា មិនមានទុនបង្វិលគ្រប់គ្រាន់ សម្រាប់ប្រជែងទិញគ្រាប់ស្វាយចន្ទីស្តុកទុកកែច្នៃ ប៉ុន្តែបណ្តារោងចក្របរទេស ដូចជារោងចក្ររបស់ជប៉ុន ចិន បានបង្កើនការកែច្នៃ តែទោះជាយ៉ាងណាក្តីចំនួននេះនៅមានតិចតួចនៅឡើយ។
ការកែច្នៃនឹងមានការកើនឡើង បើសហគ្រាសកែច្នៃអាចទទួលកម្ចីទុនបង្វិលសម្រាប់ទិញគ្រាប់ស្វាយចន្ទីបានលឿន។ ដូចនេះហើយទើបលោក ស្នើឱ្យធនាគាររបស់រដ្ឋ SME Bank និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ភាពងាយស្រួលក្នុងការទម្លាក់កម្ចី ដល់សហគ្រាសកែច្នៃក្នុងស្រុក។ ជាការបន្ថែមទៀត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
បើតាម ប្រធានសមាគមស្វាយចន្ទីកម្ពុជា ផ្ទៃដីដាំដុះស្វាយចន្ទីនៅកម្ពុជា មានចំនួន ៧០ម៉ឺនហិកតា លើសការកត់ត្រារបស់ក្រសួងកសិកម្មដែលមានជាង ៥៨ម៉ឺនហិកតា ដោយសារផ្ទៃដីដាំដុះថ្មីប្រមាណ ១១% ក្រសួងមិនបានរាប់បញ្ចូលក្នុងទិន្នន័យនៅឡើយ។
សូមរម្លឹកផងដែរថា នៅឆ្នាំ២០២៤ កម្ពុជាសម្រេចការប្រមូលទិន្នន័យស្វាយចន្ទីឆៅសរុបចំនួន ៨៥ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅ ចំនួន៨១ ៥០០០តោន កើន ២១% ទទួលបានថវិកាចំនួន ១ ១៥០លានដុល្លារ កើនឡើង ២៦.១៥%។ ដោយឡែកនាំចេញទៅវៀតណាម មានចំនួនជាង ៧៩ម៉ឺនតោន។
គួរបញ្ជាកថា យោងតាមតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅជំរុញការកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីឱ្យបាន ២៥% នៅឆ្នាំ២០២៧ និង៥០% នៅឆ្នាំ២០៣២៕
ដោយ៖ មឿន ឌីណា (Moeun Dyna)