ភ្នំពេញ៖ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា កំពុងទាក់ទាញអ្នកវិនិយោគអន្តរជាតិធំជាច្រើនទៀត ដែលពួកគេបាននិងកំពុងត្រៀមចូលទៅវិនិយោគនៅតំបន់នេះ ស្របពេលតំបន់នេះមានទីក្រុងរណបច្រើនរួចទៅហើយ។
អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ កក្កដានេះថា ទន្ទឹមនឹងមានក្រុមហ៊ុនជាតិ អន្តរជាតិកំពុងវិនិយោគច្រើននៅតំបន់នេះរួចទៅហើយ ប៉ុន្តែបច្ចុប្បន្ននេះមានក្រុមហ៊ុនអន្តរជាតិជាច្រើនបាននិងកំពុងចាប់អារម្មណ៍ និងត្រៀមបោះទុនវិនិយោគនៅតំបន់នេះយ៉ាងច្រើន ដែលធ្វើឲ្យតំបន់ស្ថិតនៅជាប់ផ្លូវនេះកំពុងមានការរីកចម្រើន និងមានសក្តានុពលខ្លាំងនាពេលអនាគត។
អ្នកនាងបន្តថា “តាមខ្ញុំដឹងគឺមានក្រុមហ៊ុនជាច្រើន កំពុងត្រៀមចូលវិនិយោគនៅតំបន់នេះបន្ថែមទៀត ហើយវាជាក្រុមហ៊ុនវិនិយោគធំៗមកពីក្រៅប្រទេស”។អ្នកនាងបន្តថា “តំបន់នេះមានភាពអំណោយផលបំផុតលើលក្ខខ័ណ្ឌអាកាសធាតុ ដោយសារមានទន្លេពីរអមសងខាង និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ”។
បច្ចុប្បន្នក្រុមហ៊ុនធំៗជាច្រើនបាន និងកំពុងវិនិយោគទីក្រុងរណបនៅតំបន់នេះរួចហើយដូចជា ទីក្រុងរណបជ្រោយចង្វារដែលវិនិយោគដោយក្រុមហ៊ុនOCIC លើផ្ទៃដីជាង១០០ហិកតា ទីក្រុងរណបអ័រគីដេរ ដឺបូតានិកលើទំហំដីជាង១០០ហិកតា ទីក្រុងរណបតេជោមរកត និងបុរីធំៗជាច្រើនបាននិងកំពុងវិនិយោគនៅតំបន់នេះ ដូចជាប៉េង ហួត បុរីThe Mekong Royalជាដើម។
ជាមួយគ្នានេះ រដ្ឋាភិបាលគ្រោងវិនិយោគទីក្រុងនាគរាជសម្តេចតេជោ លើផ្ទៃដីជាង៣ម៉ឺនហិកតានៅតំបន់នេះផងដែរ ដែលគំរោងនេះគ្រោងចំណាយប្រាក់រហូតដល់៨០ពាន់លានដុល្លារអាមេរិក៕
ប្រភព : Property area