ស្រុកស្អាង-កណ្តាល៖ បន្ទាប់ពីដំណើរការគម្រោង និងការសាងសង់មួយរយៈពេល ពេលនេះគម្រោងលំនៅដ្ឋានសាធារណៈសម្រាប់អ្នកចំណូលទាប និងមធ្យមរបស់ក្រុមហ៊ុន WorldBridge Group ដែលប្រជាពលរដ្ឋជាច្រើន ពិសេសមន្ត្រីរាជការបាននឹងកំពុងរង់ចាំយ៉ាងអន្ទះសានោះ ត្រៀមនឹងបើកលក់ជាផ្លូវការនៅចុងខែមករា ឆ្នាំ២០១៨នេះហើយ ខណៈដែលគម្រោងនេះ បច្ចុប្បន្នបាននឹងកំពុងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបន្ថែមទៀត។
គម្រោងលំនៅដ្ឋានសាធារណៈតម្លៃសមរម្យនេះ ត្រៀមនឹងបើកឲ្យអតិថិជនអាចកក់ប្រាក់ និងជាវ ចាប់ពីថ្ងៃទី២៨-២៩ ខែមករានេះ តទៅហើយ ខណៈដែលគម្រោងនេះទទួលបានច្បាប់រួចរាល់ហើយ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយក៏កំពុងរង់ចាំនូវច្បាប់មួយទៀត ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផងដែរ។
ឆ្លើយតបទៅនឹងការរង់ចាំយ៉ាងអន្ទះសារបស់អ្នកដែលបានចុះឈ្មោះទិញកាលពីពេលកន្លងទៅ លោកឧកញ៉ា សៀ ឫទ្ធី បានប្រកាសឲ្យអ្នកដែលបានចុះឈ្មោះទិញទាំងអស់ មេត្តាត្រៀមខ្លួននិងឯកសារបញ្ជាក់ ឲ្យបានរួចរាល់ដើម្បីបន្តទៅធ្វើការកក់ប្រាក់និងជាវផ្ទះក្នុងក្ដីស្រមៃរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅចុងខែមករានេះ ពោលគឺអាចនៅថ្ងៃទី២៨ ឬ ២៩ ខែមករា ឆ្នាំ២០១៨ នេះតទៅ។
គម្រោងនេះនឹងមិនមានការប្រែប្រួលទីតាំង តម្លៃ និងគុណភាព សោភ័ណភាពផ្ទះនោះទេ ពោលគឺក្នុងជំហានទី១នៃគម្រោងនេះ នឹងត្រូវចំណាយប្រាក់សាងសង់ប្រមាណជា ៦០លានដុល្លារអាមេរិក ដោយធ្វើការសាងសង់នៅលើផ្ទៃដី២៤ហិកតា មានចំនួន ២២៩៧ផ្ទះ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ។
គួរជម្រាបដែរថា បើតាមការធ្លាប់អះអាងពីលោកឧកញ៉ា សៀ ឫទ្ធី បានឲ្យដឹងថា ដើម្បីមានសិទ្ធិទទួលបានផ្ទះតម្លៃសមរម្យនេះ ពលរដ្ឋខ្មែរ ពិសេស មន្រ្តីរាជការត្រូវតែបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចជា៖
- ជាពលរដ្ឋដែលមានចំណូលទាបនិងមធ្យម ក្រោម ៥០០ដុល្លារ
- ជាបុគ្គលដែលរៀបការហើយ
- ទិញហើយ មិននៅមិនអាចយកទៅជួលនិងលក់បន្ដ លុះត្រាតែ៥ឆ្នាំក្រោយ ទើបអាចជួលនិងលក់បន្ដបាន។
- មិនអនុញ្ញាតឲ្យអ្នកមានលុយទិញទុកសម្រាប់ធ្វើអាជីវកម្មនោះទេ។
- រាល់ការទទួលទិញលក់និងកក់ ក្រុមហ៊ុននិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកពិនិត្យដោយផ្ទាល់។
- តម្លៃផ្ទះចាប់ពី ២ម៉ឺន ៥ពាន់ដុល្លារ ទៅ ៣ម៉ឺនដុល្លារ អាស័្រយទៅតាមប្រភេទផ្ទះនិងទំហំ។
ក្រៅពីគម្រោងលំនៅដ្ឋានសាធារណៈតម្លៃសមរម្យនេះ ក្រុមហ៊ុនលោកឧកញ៉ា សៀ ឫទ្ធី ក៏បាននិងកំពុងអភិវឌ្ឍនូវគម្រោងលំនៅដ្ឋានដ៏ប្រណីតបែប រីស៊ត ថ្មីមួយទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីគល់ស្ពានព្រះមុនីវង្ស។
គម្រោងនេះទៀតសោត ត្រូវបានឧកញ៉ា សៀ ឫទ្ធី បង្ហើបឲ្យដឹងថា នឹងប្រកាសបើកលក់ផ្លូវការ និងបុកគ្រឹះសាងសង់ នៅសប្ដាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះហើយ ខណៈដែលតម្លៃក៏មិនធម្មតាដែរ៕