Register Already an agent ? Login

គម្រោងសាងសង់ព្រលានយន្ដហោះនៅតាខ្មៅ និងកណ្តាលស្ទឹងធ្វើឱ្យតម្លៃដីធ្លីហក់ឡើងខ្ពស់

រាជធានីភ្នំពេញ ៖ គម្រោងស្តីពីការអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F ដែល ស្ថិតនៅទីតាំងនៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ដែលមានទឹកប្រាក់រហូតដល់១.៥០០លានដុល្លារអាមេរិក បានចុះហត្ថលេខារួចរាល់រវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនខ្មែរ (OCIC) ដោយមានអ្នកឧកញ៉ា ពុង ឃាវសែ និងធនាគារអភិវឌ្ឍន៍ចិន ដោយមានលោក ហ៊ូ ហ៊ួយប៉ាង ជាតំណាងត្រូវបានបែកធ្លាយនៅក្នុងពេលថ្មីៗនេះ ។ ទោះបីយ៉ាងណា ក្នុងឯកសារពុំបានបញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្ដើមគម្រោងនៅឡើយទេ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

គម្រោងព្រលានយន្តហោះថ្មី

ក្នុងគោលបំណងអភិវឌ្ឍន៍សាងសង់់អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោមទុនវិនិយោគសរុបចំនួន១.៥០០លានដុល្លារអាមេរិក ក្នុងនោះ កម្ចីពីធនាគារបរទេសមានចំនួន១.១០០លានដុល្លារអាមេរិក, កម្ចីពីភាគទុននៃក្រុមហ៊ុនវិនិយោគទុនអាណិជនខ្មែរ ចំនួន២៨០លានដុល្លារអាមេរិក និងដើមទុនចុះបញ្ជីចំនួន១២០លានដុល្លារអាមេរិក ដោយក្នុងនោះក្រុមហ៊ុន OCIC មាន៩០% និងអគ្គលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលមាន១០% ។

គម្រោងព្រលានយន្តហោះថ្មី

គម្រោងដ៏មហិមាទាំងនេះ ជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសពលរដ្ឋនៅក្នុងតំបន់ជុំវិញគម្រោងនោះផ្ទាល់តែម្ដង ។ ជាក់ស្ដែង តាមរយៈការប្រកាសពីគម្រោងអភិវឌ្ឍន៍មួយនេះ នឹងធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នោះឡើងថ្លៃ ធ្វើឲ្យអ្នកមានដីធ្លីនៅជុំវិញតំបន់នោះ នឹងទទួលបានអត្ថប្រយោជន៍។ មួយវិញទៀត នៅពេលគម្រោងនោះចាប់ផ្ដើមសាងសង់ ប្រជាពលរដ្ឋនៅតំបន់ជុំវិញនោះនឹងទទួលបានការងារធ្វើសម្រាប់ជាចំណូលចិញ្ចឹមគ្រួសារ ។

ទោះជាយ៉ាងណា ដីធ្លីនៅតំបន់នោះនឹងឡើងថ្លៃ តែមិនឡើងខ្លាំងប៉ុន្មានទេ ហើយវិនិយោគិននានាក៏គួរតែគិតពិចារណាឲ្យបានច្បាស់លាស់ផងដែរ មុននឹងសម្រេចចិត្តថា ទៅវិនិយោគនៅតំបន់នោះ ។ ព្រោះថា ជាទូទៅ នៅបណ្ដាប្រទេសផ្សេងៗ តំបន់ជុំវិញព្រលានយន្តហោះមិនសូវមានការអភិវឌ្ឍប៉ុន្មានទេ ព្រោះមានច្បាប់កំណត់ពីការអភិវឌ្ឍ ។ ជាក់ស្ដែង នៅជុំវិញព្រលានយន្តហោះមិនអនុញ្ញាតឲ្យសាងសង់អគារខ្ពស់ៗឡើយ ។ បើសិនជាមិនអនុញ្ញាតឲ្យសង់អគារខ្ពស់ តម្លៃដីធ្លីក៏មិនអាចឡើងខ្ពស់បានដែរ គឺឡើងត្រឹមកម្រិតមួយប៉ុណ្ណោះ ៕