Register Already an agent ? Login

បណ្តាកោះចំនួន៧៥នៅកម្ពុជា នឹងត្រូវបានវិនិយោគនាពេលខាងមុខ

ភ្នំពេញ ៖ ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថានឹងបញ្ជូនមន្ត្រីជំនាញផ្នែកសុរិយោដី ចុះទៅសិក្សានៅតាមបណ្តាកោះទាំងអស់ដែលមានចំនួនសរុប៧៥កោះ ហើយគ្រោងនឹងចាប់ផ្ដើមនៅខែឧសភា ខាងមុខនេះ ។ ការចុះសិក្សានេះ ដើម្បីពិនិត្យវាយតម្លៃពីសក្ដានុពលនៃកោះនីមួយៗសម្រាប់ទាក់ទាញការវិនិយោគ ។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការបញ្ជូនមន្ត្រីជំនាញរបស់ក្រសួងទៅសិក្សាលើកោះទាំង៧៥នេះ អាចចាប់ផ្ដើមនៅខែឧសភា ឆ្នាំ២០១៨ ដោយសិក្សាឲ្យបានច្បាស់ពីសក្ដានុពលនៃកោះនីមួយៗ ។ ហើយការបញ្ជូនមន្ត្រីឲ្យទៅសិក្សារាល់បណ្ដាកោះទាំង៧៥នៅកម្ពុជានេះ គឺដើម្បីសិក្សាពីសក្ដានុពលសម្រាប់ការវិនិយោគ និងជៀសផុតពីការសាងសង់រំលោភលើផ្ទៃកោះ ដោយអនុញាត្តឲ្យមានការសាងសង់រួច ទើបហាមឃាត់ និងរុះរើតាមក្រោយ ។

បណ្តាកោះនានានៅតាមសមុទ្រក្នុងខេត្តទាំង៤ជាប់តំបន់ឆ្នេរ ប៉ុន្ដែមានកោះតិចតួចប៉ុណ្ណោះដែលបាននិងកំពុងអភិវឌ្ឍន៍ ដូចជា កោះដែកគោល កោះសង្សារ កោះឫស្សី កោះក្របី កោះស្តេច កោះរ៉ុង កោះរ៉ុងសន្លឹម កោះឋានសួគ៌ជាដើម ខណៈរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិសម្បទានដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិនានាដើម្បីអភិវឌ្ឍន៍កោះទាំងនោះរួចហើយ។

កោះនានានៅតាមសមុទ្រក្នុងខេត្តទាំង៤ជាប់តំបន់ឆ្នេរ

គួរឱ្យដឹងផងដែរថា បណ្តាកោះនានានៅតាមសមុទ្រកម្ពុជា ពិតជាមានសក្ដានុពលខ្លាំងណាស់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទាមទារឲ្យមានការអភិវឌ្ឍ ដើម្បីរាជរដ្ឋាភិបាលទទួលបានចំណូលដល់សេដ្ឋកិច្ចជាតិ បង្កើនការងារ និងផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋទាំងផ្ទាល់ និងប្រយោល ក៏ដូចជាចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ។

ដូច្នេះយើងនឹងរង់ចាំមើលទាំងអស់គ្នា នូវការអភិវឌ្ឍន៍ជាបន្តទៀត ថាតើមានបណ្តាកោះណាខ្លះ នឹងលេចចេញជារូបរាងដ៏អស្ចារ្យសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ៕ 

បណ្តាកោះនានានៅតាមសមុទ្រកម្ពុជា ពិតជាមានសក្ដានុពលខ្លាំងណាស់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ