ភ្នំពេញ៖ កិច្ចប្រជុំដ៏ធំ និងកំពូលនៅកម្ពុជា ដោយមានសម្តេចតេជោហ៊ុនសែនជាប្រមុខ ជាមួយនឹងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងបណ្តាមេដឹកនាំនៃប្រទេសតាមទន្លេមេគង្គដូចជា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងគណៈប្រតិភូជាច្រើនរូបទៀត នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ មានកម្ពុជាជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់ដោយជោគជ័យក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
នៅក្នុងកិច្ចប្រជុំមួយនេះ ត្រូវបានលើកឡើងពីបញ្ហាជាច្រើនមកពិភាក្សា ជាពិសេសគឺ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច។
អ្វីដែលជាពិសេស និងគួរជាទីចាប់អារម្មណ៍នោះ ក្រោយពីការប្រជុំបានបញ្ចប់ភាគីកម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងលើឯកសារ មួយចំនួន រួមទាំងការប្រកាសជាផ្លូវការនូវគម្រោងសំខាន់ៗសម្រាប់កម្ពុជាផងដែរ នោះគឺ គម្រោងដំណើរនៃក្តីស្រលាញ់ពីបេះដូងនៅកម្ពុជា មានដូចជា៖ ការផ្តល់ជំនួយឥតសំណងសម្រាប់ការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ជាពិសេសគឺគម្រោងដ៏ធំសម្បើមនៃប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។
គួរឱ្យដឹងផងដែរ កិច្ចប្រជុំមួយនេះមានផលប្រយោជន៍ និងផលចំណេញចំពោះកម្ពុជាជាច្រើនសម្រាប់អភិវឌ្ឍន៍ប្រទេស និងវិស័យសំណង់ផ្សេងៗ ហើយថែមទាំងអាចទាក់ទាញវិនិយោគគិនចិនមកបណ្តាក់ទុនវិនិយោគបន្ថែមកាន់តែច្រើនឡើងផងដែរ។ អ្វីដែលសំខាន់ការប្រជុំ និងកិច្ចពិភាក្សាទាំងនោះ ថែមទាំងអាចផ្តល់ប្រយោជន៍ដល់កូនខ្មែរមានការងារធ្វើកាន់តែច្រើនជាងមុន ទាក់ទងនឹងចំណេះ និងជំនាញរបស់ខ្លួនផងដែរ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមស្តីពីការសាងសង់ និងកាលបរិច្ឆេទនៃអគារសំណង់ទាំងនោះ ខ្មែរហូមនឹងជម្រាបមិត្តអ្នកអាន នាពេលបន្តបន្ទាប់ទៀត៕