Register Already an agent ? Login

ផ្សារទ្វេភាគីរវាងកម្ពុជា ​និងវៀតណាមនៅត្បូងឃ្មុំ នឹងចាប់ផ្តើមសាងសង់ក្នុងដើមឆ្នាំ២០១៨នេះ

ត្បូងឃ្មុំ-កំពង់ចាម ៖ គម្រោងសាងសង់ ដោយចេញជាប្លង់ផ្សារគំរូមួយ ស្ថិតនៅតាមព្រំដែនកម្ពុជា វៀតណាម គ្រោងនឹងសាងសង់ឡើងនៅខេត្តត្បូងឃ្មុំក្នុងពេលឆាប់ៗនេះហើយ។ គម្រោងនេះ ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ បើកកិច្ចប្រជុំពិភាក្សា និងប្រកាសប្ដេជ្ញាថានឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០១៨ខាងមុខនេះ ក្រោយពីត្រូវបានពន្យាពេលអស់ប្រមាណជិត២ឆ្នាំរួចមក។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ឃើញថា កម្ពុជា អាចទាញយកប្រយោជន៍ពីផ្សារនេះ តិចជាងភាគីប្រទេសវៀតណាម។

ផ្សារលក់ទំនិញនៅតំបន់ព្រំដែនកម្ពុជាវៀតណាមមួយនេះ នឹងត្រូវសាងសង់ឡើងនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការវិនិយោគសាងសង់ក្នុងចំនួនទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក លើផ្ទៃដីប្រមាណជិត២ហិកតា ហើយក្នុងនោះ ខាងភាគីវៀតណាមជាអ្នករ៉ាប់រងផ្ដល់នូវជំនួយថវិកា និងការងារសាងសង់ផ្ទាល់តែម្តង។

គម្រោងសាងសង់ ដោយចេញជាប្លង់ផ្សារគំរូមួយ ស្ថិតនៅតាមព្រំដែនកម្ពុជា វៀតណាម គ្រោងនឹងសាងសង់ឡើងនៅខេត្តត្បូងឃ្មុំ

ផ្នែកតាម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការយឺតយ៉ាវរបស់ភាគីវៀតណាមក្នុងការសាងសង់ផ្សារនេះនាពេលកន្លងមក គឺដោយសារតែខាងគណៈកម្មការសាងសង់ផ្សារចាស់កាលពីមុនរបស់វៀតណាម មិនមានភាពចុះសម្រុងលើបញ្ហាចំនួនទឹកប្រាក់សាងសង់ ខណៈដែលទឹកប្រាក់សាងសង់ត្រូវប្រើប្រាស់ជាលុយដុងវៀតណាម។ ដូច្នេះហើយ ទើបខាងរដ្ឋាភិបាលវៀតណាម បានផ្លាស់ប្តូរគណៈកម្មការ និងអ្នកដេញថ្លៃសាងសង់ថ្មី ដើម្បីសម្រួលពន្លឿនការងារសាងសង់។ ការបើកការដ្ឋានសាងសង់ឲ្យបានលឿនបំផុត ពោលគឺអាចនឹងត្រូវចាប់ផ្ដើមបើកការដ្ឋានសាងសង់ នៅដើមឆ្នាំ២០១៨ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងរយៈពេល១២ខែ តាមកិច្ចសន្យា។

ផ្សារមួយនេះ នឹងធ្វើឱ្យការដោះដូរទំនិញរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង ពោលគឺប្រជាជនកម្ពុជាអាចលក់ទំនិញរបស់ខ្លួនទៅកាន់វៀតណាម និងអាចទិញទំនិញដុំ ឬរាយពីវៀតណាម តាមរយៈផ្សារនេះ ដោយមិនចាំបាច់ធ្វើដំណើរទៅដល់ប្រទេសវៀតណាមដោយផ្ទាល់នោះឡើយ ហើយខាងវៀតណាមក៏អាចចូលមកលក់ដូរទំនិញរបស់ខ្លួនក្នុងផ្សារនេះបានដូចគ្នាដែរ។

ដោយឡែក រាល់ទំនិញលក់ចេញទិញចូលទាំងអស់នៅក្នុងផ្សារព្រំដែនកម្ពុជាវៀតណាមនេះ គឺមិនត្រូវបានរួចរបាំងពន្ធគយនោះទេ ហើយប្រសិនបើគំរូផ្សារនេះ អនុវត្តទៅទទួលបានជោគជ័យ នោះកម្ពុជា និងវៀតណាម ក៏គ្រោងនឹងពង្រីកផ្សារព្រំដែននេះបន្ថែមទៀត នៅខេត្តជាប់ព្រំដែនផ្សេងទៀតផងដែរ។

គម្រោងប្លង់សាងសង់ផ្សារដារ ​របស់ភាគីកម្ពុជា ​និងវៀតណាម

អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចបានឱ្យដឹងផងដែរថា ការបង្កើតផ្សារតាមតំបន់ជាប់ព្រំដែននេះ គឺជាការបង្កើតឲ្យមានកន្លែងមួយសម្រាប់អ្នកលក់ និងអ្នកទិញបានមានឱកាសងាយស្រួលក្នុងការជួបគ្នា ប៉ុន្ដែ បើពិនិត្យទៅមើលផលប្រយោជន៍ដែលទទួលបាន កម្ពុជាហាក់មានតិចជាង ភាគីវៀតណាមទៅវិញទេ ព្រោះថាកម្ពុជា នៅខ្វះខាតខាងសមត្ថភាព ក៏ដូចជាបច្ចេកទេសក្នុងការផលិត។ ដូច្នេះ កម្ពុជាអាចលក់ចេញបានត្រឹមតែផលិតផលជាវត្ថុធាតុដើមតែប៉ុណ្ណោះ។ ដោយឡែក សម្ភារប្រើប្រាស់ និងចំណីអាហារ ដែលជាផលិតផលកែច្នៃរួចនោះ ភាគច្រើន កម្ពុជាធ្វើការនាំចូលពីប្រទេសវៀតណាមមកវិញ ពោលគឺប្រទេសកម្ពុជានៅតែមានឱនភាពពាណិជ្ជកម្មជាមួយវៀតណាមដដែល។ ដូច្នេះកម្ពុជាគួរតែមានយន្ដការជាក់លាក់បន្ថែមទៀត ដើម្បីធានាបាននូវទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ក៏ដូចជាជួយជំរុញដល់សមត្ថភាព និងបច្ចេកទេសផលិតសម្រាប់ផលិតករជាដើម ជាពិសេសគិតគូរលើការពង្រឹងស្ដង់ដារគុណភាពនៃផលិតផលនាំចូលពីខាងក្រៅ និងសុវត្ថិភាពចំណីអាហារតែម្ដង ដើម្បីជួយកាត់បន្ថយការប្រកួតប្រជែងពីសំណាក់ផលិតផលនាំចូលពីក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នៅរយៈពេល ១០ខែ ឆ្នាំ២០១៧ នេះ បានកើនដល់ទឹកប្រាក់ប្រមាណជាង៣០០០លានដុល្លារអាមេរិក ខណៈដែលនៅឆ្នាំ២០១៨ខាងមុខប្រទេសទាំងពីរ គ្រោងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់៥០០០លាន ដុល្លារអាមេរិក៕

ប្រភព៖Cambonomist