ភ្នំពេញ៖ដោយសារតែប្រទេសកាន់តែជឿនលឿន រួមទាំងតម្រូវការកម្សាន្តកាន់តែមានការកើនឡើង បានជាប្រទេសកម្ពុជាយើង មានការអភិវឌ្ឍន៍ជាច្រើនតំបន់សម្រាប់បំពេញតម្រូវការកម្សាន្តសប្បាយអស់ទាំងនោះ ដោយភាគច្រើនគឺជាតំបន់កម្សាន្តបែបធម្មជាតិ និងតំបន់បែបកែច្នៃជាដើម។
ថ្មីៗនេះខ្មែរហូម ក៏ទទូលបានដំណឹងថា ក្នុងពេលខាងមុខឆាប់ៗនេះ សួនកម្សាន្ត និងសួនទឹកដ៏ធំទំនើបជាងគេនៅក្នុងតំបន់អាស៊ី នឹងត្រូវបានបង្ហាញរូបរាងឡើងនៅក្នុងក្រុងភ្នំពេញយើងនេះតែម្តង។
តាមប្រសាសន៍របស់នាយកប្រតិបត្តិក្រុមហ៊ុន ប៉េង ហួតបានឱ្យដឹងថា ក្នុងបុរីប៉េងហួតបឹងស្នោនឹងមានឧទ្យានដ៏ធំទំនើបមួយ ដែលគ្រោងនឹងចំណាយទុនវិនិយោគដល់ទៅ ៦០លានដុល្លាសហរដ្ឋអាមេរិច ហើយសាងសង់ក្នុងទំហំដី ៨ហិកតា។
ការសាងសង់ នឹងរៀបចំក្នុងរចនាបទបែបអឺរ៉ុបលោកខាងលិច ដោយមានការដាំដើមឈើធំៗតាមបែបធម្មជាតិ ផ្លូវដើរកម្សាន្តតាមទឹក រួមទាំងសាលដ៏ធំ ទីកន្លែងរៀបចំពិធីមង្គលការតាមបែបទំនើប និងថ្មីបំផុតផងដែរ។ លោកក៏បានលើកឡើងបន្តថា គម្រោងវិនិយោគនេះគឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទីក្រុង សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
ដោយឡែកការវិនិយោគមួយផ្សេងទៀត របស់លោក ឧកញ៉ា លី យ៉ុងផាត់ ក៏កំពុងតែមានគម្រោងបើកដំណើរការក្នុងពេលខាងមុខឆាប់ៗនេះផងដែរ។ គម្រោងដ៏ធំមួយនេះ គឺជាសួនទឹកកម្សាន្តដ៏ធំទី១នៅអាស៊ី មានឈ្មោះថា Angkor Water Park ដែលនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណជា ៦ហិកតា ពោលគឺធំជាងសួនទឹកកម្សាន្តល្បីរបស់ប្រទេសថៃទៅទៀត ដោយមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់ឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ មានចំងាយប្រមាណជា ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។
សួនទឹកកម្សាន្តនេះ នឹងមានទឹកសមុទ្របែបសិប្បនិមិត្មរួមទាំងទឹករលកកំពស់ជាង៣ម៉ែត្រ ទឹកជ្រោះ កន្លែងរំអិលទឹក ទឹករាំតាមចង្វាក់ភ្លេង និងកន្លែងកម្សាន្តបែបក្មេងៗជាច្រើនមុខទៀត។
ដោយសារតែទីកម្សាន្តនេះមានឈ្មោះទាក់ទងនឹងអង្គរដ៏ល្បីល្បាញរបស់ខ្មែរយើង ការសាងសង់ក៏ត្រូវបានរៀបចំរបៀបខ្មែរផងដែរ ដោយមានរួមបញ្ចូលរចនាបថសម័យអង្គរ រូបចម្លាក់អប្សរា ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត បូកផ្សំនឹងរចនាបថបែបសម័យទំនើបពីបរទេសផងដែរ។
ខ្មែរហូមជឿជាក់ថា ក្រោយពីគម្រោងនេះលេចចេញជារូបរាងឡើង នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសដែលលេចធ្លោខាងលក្ខណៈកម្សាន្តបែបអន្តរជាតិជាមិនខាន ដោយសារតែគម្រោងអភិវឌ្ឍន៍ដ៏ធំ និងទំនើបជាងគេនៅអាស៊ីយើងនេះ។ សម្រាប់ព័ត៌មានបន្ទាប់ ខ្មែរហូមនឹងលើកយកមកផ្សាយបញ្ជាក់បន្ថែមទៀតនៅពេលក្រោយ៕