ភ្នំពេញ៖ ស្របពេលរាជធានីភ្នំពេញមានការវិនិយោគ និងការអភិវឌ្ឍ សម្ទុះនៃការសាងសង់សំណង់អគារទំនើបខ្ពស់ៗស្ថិតនៅក្នុងតួលេខមួយដែលគួរឲ្យកត់សម្គាល់។ ការរីកដុះដាលនូវសំណង់អគារនៅក្នុងទីក្រុងជាសញ្ញាអភិវឌ្ឍន៍មួយប្រកបដោយភាពស៊ីវិល័យ ប៉ុន្តែសំណង់ខ្ពស់ៗទាំងនោះក៏ជាហានិភ័យមួយផ្នែកនៃទេសភាពទីក្រុង។
ទោះបីជាគម្រោងអភិវឌ្ឍន៍សាងសង់ផ្សារទំនើប និងអគារស្នាក់នៅមួយចំនួនបានពង្រីងទៅជាយទីក្រុងនាពេលថ្មីៗនេះគម្រោងសាងសង់អគារខ្ពស់ៗរបស់ក្រុមហ៊ុនវិនិយោគក៏បានអភិវឌ្ឍខ្លួននៅចំបេះដូងនៃទីក្រុង ដែលស្ថិតនៅក្នុងលក្ខខណ្ឌកំណត់មួយរវាងកម្ពស់ និងចម្ងាយពីសំណង់បេតិកភណ្ឌនានា ដូចជាព្រះបរមរាជវាំង វិមានឯករាជ្យ បូជនីយដ្ឋាន វត្តអារាមជាដើម។
អ្នកឯកទេសផ្នែកនគរូបនីយកម្មទីក្រុងបានថ្លែងថា នៅពេលដែលមានការរៀបចំនគរូបនីយកម្មបែបទំនើប នៅតាមប្រទេសនីមួយៗត្រូវមានការគិតគូរច្រើនពីការកំណត់តំបន់ និងកម្ពស់អគារនៅក្នុងតំបន់នីមួយៗច្បាស់លាស់ដែរ។ ជាក់ស្តែងនៅក្នុងរាជធានីភ្នំពេញ មានការសិក្សាជាច្រើនឆ្នាំមកហើយពីការកំណត់កម្ពស់អគារទៅតាមតំបន់នីមួយៗ ទៅតាមផែនទី និងគម្រោង ដែលជាសេចក្តីព្រាងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់ជាបទដ្ឋាននេះឡើង ប៉ុន្តែវាមិនទាន់ជាសេចក្តីប្រកាសផ្លូវការនៅឡើយ។
តំបន់មួយចំនួននៅជុំវិញព្រះបរមរាជវាំង វិមានឯករាជ្យ តាមបណ្តាយមាត់ទន្លេ ឬក្បែរស្ពានធំៗ ដែលជាតំបន់សំខាន់ៗ គេតែងតែស្នើសុំបទប្បញ្ញត្តិទាក់ទងនឹងទីកន្លែងដើម្បីសាងសង់ឲ្យស្របច្បាប់ ពីព្រោះវាជាតំបន់ដែលប្រជុំដោយសំណង់បេតិកភណ្ឌ។ ពាក់ព័ន្ធទៅនឹងតំបន់នីមួយៗក្នុងទីក្រុង ក្រសួងមានជាប្លង់មេ(master plan) ដែលមានការកំណត់មុខងារត្រឹមត្រូវក្នុងការប្រើប្រាស់ដី ប៉ុន្តែមិនបានកំណត់ពីកម្ពស់អគារទេ ដូច្នេះតំបន់ទីប្រជុំជនពាណិជ្ជកម្មមួយចំនួនអាចសាងសង់បាន។
យោងតាមអនុក្រឹត្យ៨៦ស្តីពី ៖ «លិខិតអនុញ្ញាតសាងសង់» ក្នុងមាត្រា២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា រាល់សំណង់ទាំងអស់នៅក្នុងទីក្រុង ឬទីរួមខេត្ត ត្រូវស្ថិតនៅក្រោមការអនុញ្ញាតសាងសង់របស់ក្រសួង។ សំណង់ថ្មីទាំងអស់ដែលចង់កសាងឡើងវិញ ការពង្រីក និងការបន្ថែមជាន់លើអាគារដែលមានស្រាប់នឹងត្រូវអនុវត្ត និងគោរពតាមលិខិតអនុញ្ញាតសាងសង់ផងដែរ។ ប៉ុន្តែអនុក្រឹត្យនេះមិនទាន់បានកែសម្រួលឲ្យឆ្លើយតបគ្រប់ជ្រុងជ្រោយទៅនឹងការអភិវឌ្ឍបច្ចុប្បន្ននៅឡើយទេ ដូច្នេះទាមទារឲ្យមុននឹងធ្វើការសាងសង់ ត្រូវធ្វើការស្នើសុំជាក់ស្តែងទៅក្រុមការងារជំនាញមើលឡើងវិញនូវអ្វីដែលមិនទាន់មានក្នុងអនុក្រឹត្យ។ ដោយសារមិនមានការអនុវត្តសេចក្តីប្រកាសជាផ្លូវការ យើងឃើញមានអគារខ្ពស់ៗបានសាងសង់នៅក្បែរមាត់ទន្លេ ដែលផ្ទុយពីការកំណត់របស់អនុក្រឹត្យសាងសង់តម្រូវឲ្យមានចម្ងាយ៥០ម៉ែត្រ ពីច្រាំងទន្លេ ប៉ុន្តែសំណង់ខ្លះបានកើតមុន និងក្រោយ ដូច្នេះអាជ្ញាធរត្រូវមានការពិនិត្យឲ្យមែនទែនពីជំនាញដូចជាសំណង់កាស៊ីណូណាហ្គាវើលថ្មី ដែលមានប្រវែងវែងបាំងទេសភាពខាងក្រោយ និងធ្វើឲ្យខ្យល់មិនអាចចេញចូលតំបន់ក្បែរនោះបាន។
ម្យ៉ាងវិញទៀតក៏ការព្រួយបារម្ភពីអគារខ្ពស់ៗដែលនៅក្បែរមាត់ទន្លេ ឬព្រែក ដែលមិនគោរពទៅតាមការកំណត់ និងសណ្ឋានដី ពីព្រោះវាអាចប៉ះពាល់ទៅនឹងបញ្ហាសុវត្ថិភាពនៃសំណង់(បាក់ស្រុត) ប៉ះពាល់ទេសភាពទីក្រុងដែលអាចបាំងនូវខ្យល់ទន្លេ និងការបាត់បង់សោភ័ណភាពទីក្រុង។
ទន្ទឹមនឹងភាពខ្វះខាតផ្នែកបច្ចេកទេស អនុក្រឹត្យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ទីតាំងរបស់អគារ ប៉ុន្ដែកម្ពស់អគារនេះមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ។ រហូតមកដល់ពេលនេះក្រសួងបានបង្ហាញប្លង់កម្ពស់នៅម្តុំព្រះបរមរាជវាំង វិមានឯករាជ្យ អាកាសយានដ្ឋាន ដែលជាកន្លែងមិនត្រូវបានអនុញ្ញាតឱ្យសាងសង់អគារខ្ពស់ៗ៕
ប្រភព៖ Post Khmer