ខេត្តព្រះសីហនុ៖ កំណើនអ្នកវិនិយោគជនជាតិចិនជាច្រើននៅក្នុងខេត្តព្រះសីហនុ ជាពិសេសនៅតំបន់ឆ្នេរអូរឈើទាល បានធ្វើឲ្យអ្នកវិនិយោគខាងសាងសង់សំណង់ និងដីធ្លីសប្បាយរីកមុខដូចគ្រាប់ជី ព្រោះតែតម្លៃដីចេះតែកើនឡើងថ្លៃកប់ពពក និងបានប្រាក់ចំណេញយ៉ាងច្រើន។
ទន្ទឹមនឹងនោះអាជីវករខ្មែរ ដែលមានទាំងផ្ទះសំណាក់ និងអាហារដ្ឋាន បែជាមានការព្រួយបារម្ភយ៉ាងខ្លាំងទៅវិញពីអនាគតអាជីវកម្មរបស់គេ។ ដោយជនជាតិចិនក៏បានចាប់ផ្តើមមករកស៊ី និងជួលយកតូបតាមឆ្នេរក្នុងតម្លៃថ្លៃ ហើយអតិថិជនជាពលរដ្ឋខ្មែរក៏មិនចង់ទៅកម្សាន្តនៅទីនោះទៀតដែរ។
យើងសង្កេតឃើញថា ឆ្នេរអូរឈើទាលនៅក្នុងខេត្តព្រះសីហនុបានប្រែប្រួលមុខមាត់ហើយ ដោយឈ្មោះហាង ឬតូបដែលធ្លាប់ជាឈ្មោះខ្មែរ នៅពេលនេះត្រូវជំនួសដោយអក្សរចិន។ ម្ចាស់តូបកាន់តែច្រើនឡើង គឺជាជនជាតិចិន ហើយអតិថិជនក៏ជាជនជាតិចិនដែលជជែកគ្នាដោយសំឡេងខ្លាំងៗដែរ។ ម្ចាស់អាហារដ្ឋាន ឬផ្ទះសំណាក់មួយចំនួនបានជួលហាងរបស់ខ្លួនទៅឲ្យជនជាតិចិនក្នុងតម្លៃថ្លៃ ហើយអាជីវករខ្មែរមួយចំនួនទៀតត្រូវផ្អាកអាជីវកម្មរបស់ខ្លួន ដោយសារតែថ្លៃហាង ឬថ្លៃដីបានឡើងថ្លៃយ៉ាងគំហុក។
ស្ត្រីម្ចាស់អាហារដ្ឋានមួយកន្លែងនៅឆ្នេរអូរឈើទាល បាននិយាយប្រាប់អ្នកសារព័ត៌មានថ្មីៗថា ជនជាតិចិនបានជួលតូប និងផ្ទះសំណាក់ក្នុងតម្លៃខ្ពស់ដើម្បីធ្វើអាជីវកម្មបន្ត។ ស្ត្រីម្ចាស់ហាងជនជាតិខ្មែរក្បែរតូបចិនបានបញ្ជាក់យ៉ាងដូច្នេះ៖ «ចិនហ៊ានឲ្យថ្លៃណាស់។ ដូចអាហារដ្ឋាននៅតាមឆ្នេរហ្នឹង គេហ៊ានជួលមួយខែពី ២ ទៅ៣០០០ដុល្លារ។ ពីមុន ខ្មែរយើងហ៊ានជួលពីម្ចាស់ដី តែក្នុងតម្លៃពី ៥០០ទៅ៦០០ដុល្លារប៉ុណ្ណោះ។ គេហ៊ានជួលថ្លៃ មកពីគេនៅលក់ដល់ម៉ោង២ ដល់ម៉ោង៣ជិតភ្លឺ ហើយបើកភ្លេងថ្លង់ពេញហ្នឹង។ ចិនចូលមករកតែកន្លែងគ្នាគេហ្នឹង»។ ម្ចាស់អាហារដ្ឋានខាងលើបានបន្តទៀតថា ភ្ញៀវបរទេស ឬខ្មែរ ពេលពួកគេមកលេងឆ្នេរនេះ ហើយបានឃើញសុទ្ធតែជនជាតិចិននៅក្នុងហាង ពួកគេក៏ចេញទៅវិញ។ បើសិនជាពួកគេមកលេងទឹក ក៏ពួកគេមិននៅយូរដូចមុនដែរ។
មិនត្រឹមតែម្ចាស់អាហារដ្ឋានទេ ផ្ទះសំណាក់ក៏ដូចគ្នា។ បើតាមមេការផ្ទះសំណាក់មួយកន្លែងដែលមានទីតាំងនៅមុខឆ្នេរអូរឈើទាល ផ្ទះសំណាក់បច្ចុប្បន្នភាគច្រើន គឺសុទ្ធតែមានថៅកែជនជាតិចិនមិនថាចាស់ ឬកំពុងសាងសង់ថ្មីនោះទេ។ «បើជិះពីរង្វង់មូលតោ២មក ផ្ទះសំណាក់របស់ខ្មែរមានតែ៣កន្លែងទេ។ ឈ្មួញចិនហ៊ានជួលដីថ្លៃ ហើយភ្ញៀវដែលចូលមកស្នាក់នៅភាគច្រើន ក៏សុទ្ធតែចិនគ្នាគេដែរ»។
មិនមែនតែម្ចាស់អាហារដ្ឋាន ផ្ទះសំណាក់ទេដែលបារម្ភពីអនាគតអាជីវកម្មរបស់ពួកគេ សូម្បីតែអ្នកលក់ដូរបន្តិចបន្តួចនៅតាមឆ្នេរក៏មិនសប្បាយចិត្តដែរ នៅពេលដែលភ្ញៀវភាគច្រើនមិននៅលេងទឹកយូរៗដូចមុន។ អាជីវករទូលលក់វត្ថុអនុស្សាវរីយ៍នៅឆ្នេរអូរឈើទាលនោះបានត្អូញត្អែរថា ចាប់តាំងពីជនជាតិចិនចូលមកឆ្នេរនេះច្រើន ហើយអ្នកទេសចរខ្មែរមិនសូវមកកម្សាន្តនៅទីនេះ ការលក់ដូររបស់អ្នកស្រីមិនសូវល្អដូចមុននោះទេ។ អ្នកស្រី បានកត់សម្គាល់ដូចគ្នាដែរថា អ្នកទេសចរខ្មែរបានចាកចេញត្រឡប់ទៅវិញ នៅពេលដែលពួកគេឃើញជនជាតិចិនច្រើននៅតាមឆ្នេរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានទទួលស្គាល់អំពីកំណើនវត្តមាននៃអ្នកទេសចរ និងវិនិយោគិនចិននៅក្នុងខេត្តមាត់សមុទ្រមួយនេះ។ និយាយអំពីទេសចរណ៍ លោកអះអាងដោយមោទនអំពីកំណើន២២ភាគរយ នៃចំនួនទេសចរជារួមក្នុងរយៈពេល៦ខែចុងក្រោយ ដោយមានអ្នកទេសចរជាតិមាន៧០ភាគរយ ហើយក្នុងចំណោមអ្នកទេសចរបរទេស ពិតណាស់គឺជនជាតិចិនបានឈរនៅលំដាប់លើគេក្នុងតារាងទេសចរណ៍នៃខេត្តព្រះសីហនុ។ លោកបានបញ្ជាក់ឱ្យដឹងថា វត្តមាននៃទេសចរណ៍ និងវិនិយោគិនចិននៅក្នុងខេត្តបានធ្វើឲ្យមានការប្រកួតប្រជែងក្នុងវិស័យសេវាមែន ប៉ុន្តែក៏វាបានស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរដែរ។ លោកបានពន្យល់ថា៖ «អាជីវករភាគច្រើនគឺគាត់ជួលទៅឲ្យចិននៅក្នុងតម្លៃថ្លៃ គ្មាននរណាបង្ខំគាត់ឲ្យចេញនោះទេ។ ហើយយើងយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងទៅលើការអនុវត្តច្បាប់ ការទិញលក់ ឬការផ្ទេរសិទ្ធិជាដើម។ ហើយការរៀបចំសេវាកម្ម យើងតម្រូវឲ្យគាត់សុំច្បាប់ ដើម្បីយើងអាចពង្រឹងសេវាកម្ម និងគុណភាព ក៏ដូចជាបរិស្ថានអនាម័យនៅតាមតំបន់ឆ្នេរ»។
ក្នុងពេលបច្ចុប្បន្ននេះ ក្រុងព្រះសីហនុមានកាស៊ីណូចំនួន២៤កន្លែង និងក្លឹបកម្សាន្តចំនួន១៤កន្លែង ដែលភាគច្រើនមានថៅកែជាជនជាតិចិន និងអ្នកមកលេងក៏សុទ្ធតែជាជនជាតិចិនផងដែរ។ តួលេខនេះ ត្រូវបានបញ្ជាក់ដោយប្រធានមន្ទីរទេសចរណ៍ ដែលបានអះអាងបន្ថែមថា មន្ទីរទេចរណ៍ បានសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីតាមដានលើផ្នែកច្បាប់ជានិច្ចដើម្បីការពារមិនឲ្យមានជនខិលខូចណាយកខេត្តព្រះសីហនុ ធ្វើជាទីកន្លែងប្រព្រឹត្តបទល្មើស ៕
ប្រភព៖ ពត៌មានថ្មីៗ