ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងជាតំណាងឲ្យ Landmark មួយសម្រាប់ទីក្រុងភ្នំពេញ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៨ ខាងមុខនេះហើយ បន្ទាប់ពីអ្នកវិនិយោគអគារនេះបាននឹងងកំពុងរៀបចំរចនា និងរៀបចំគ្រឿងផ្គុំអគារនេះឡើងវិញ។
តំណាងក្រុមហ៊ុនយានឆ័ងប្រចាំកម្ពុជា បានថ្លែងឲ្យដឹង កាលពីពេលថ្មីៗនេះថា ការសាងសង់អគារនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៨ ព្រោះបច្ចុប្បន្នក្រុមហ៊ុនកំពុងឌីហ្សាញរូបរាងអគារ និងគ្រឿងផ្គុំរបស់អគារដ៏ធំនេះឡើងវិញ។ ដោយសារតែវាជាអគារខ្ពស់ទើបក្រុមហ៊ុនបាននឹងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ពីមូលដ្ឋានគ្រឹះ និងគ្រឿងផ្គុំរបស់អគារនេះដោយហ្មត់ចត់បំផុតមុននឹងសាងសង់ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។
ការសាងសង់អគារនេះគ្រោងចំណាយទឹកប្រាក់ជាង២០០លានដុល្លារ និងចំណាយរយៈពេលសាងសង់៤ទៅ៥ឆ្នាំដូច្នេះរំពឹងថា ឆ្នាំ២០២៣ ឬ២០២៤ ទើបអគារនេះអាចដាក់ឲ្យដំណើរការបាន ដោយអគារនេះនឹងជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះដែលរួមបញ្ចូលនូវផ្សារទំនើបអាផាតមិន ខុនដូ សណ្ឋាគារ និងការិយាល័យជាដើម»។
គួរឱ្យដឹងផងដែរថា ទីតាំងជាក់លាក់នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម GLORY កម្ពស់៧៨ជាន់នេះ ស្ថិតនៅជាប់អគារ The Bridge ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នាពេលអនាគត ជឿថាគម្រោងនេះនឹងទទួលបានជោគជ័យនៅពេលអគារនេះសាងសង់ចប់ ដោយសារតែប្រជាជនកម្ពុជា នឹងសម្រេចចិត្តរស់នៅខុនដូកាន់តែច្រើនដោយសារខុនដូមានសេវាកម្មចម្រុះសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។ ជាពិសេសនៅពេលអនាគតផ្ទះល្វែងក្នុងទីក្រុងនឹងមានតម្លៃដល់៣០ ទៅ៤០ម៉ឺនដុល្លារ ហេតុនេះពួកគេនឹងសម្រេចចិត្តរស់នៅខុនដូ ដែលមានតម្លៃទាបជាងនេះ និងផ្តល់ផាសុកភាពក្នុងការរស់នៅប្រសើរជាង៕
ប្រភព៖ Post Khmer