ភ្នំពេញ៖ បន្ទាប់ពីបើកការដ្ឋានសាងសង់ស្ពានជ្រោយចង្វារថ្មីរួមជាមួយប្លង់ទំនើបដ៏សម្បូរបែបអមជាមួយនឹងគម្រោងអភិវឌ្ឍន៍ដ៏ខ្លាំងក្លាក្នុងពេលខាងមុខនៅម្តុំទឹកដីប៉ែកជ្រោយចង្វារ មតិប្រជាជនភាគច្រើនបានពោលប្រៀបប្រដូចថា ទីតាំងនៅកន្លែងនោះសាកសមនឹងមានឈ្មោះថាប្រទេសសិង្ហបុរីទី២ណាស់។
គួរឱ្យដឹងផងដែរថា កាលពីមុនទឹកដីនៅម្តុំកោះពេជ្រក៏ត្រូវបានប្រជាជនខ្មែរដាក់ឈ្មោះឱ្យថាជាប្រទេសសិង្ហបុរីផងដែរ នោះក៏ដោយសារតែ មានគម្រោងអគារពាណិជ្ជកម្មនិងលំនៅដ្ឋានធំៗជាច្រើនកំពុងតែដំណើរការសាងសង់ និងមានគម្រោងមួយចំនួនទៀតនឹងលេចរូបរាងឡើងនៅក្នុងតំបន់សង្កាត់ទន្លេបាសាក់ និងកោះពេជ្រ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
ដោយយល់ឃើញពីសក្តានុពលការសាងសង់សំណង់ឥតឈប់ឈរ និងការអភិវឌ្ឍន៍អគារធំៗខ្ពស់ៗ រួមនឹងសេដ្ឋកិច្ចដែលកំពុងតែរីកចម្រើនគេជឿថាថ្ងៃអនាគតប្រទេសកម្ពុជាប្រាកដជាអាចក្លាយជាប្រទេសរីកចម្រើនមិនចាញ់ប្រទេសសិង្ហបុរីនោះឡើយ៕
ប្រភព៖ Cambonomist