ភ្នំពេញ៖ សព្វថ្ងៃនេះដោយសារមើលឃើញកំណើននៃតម្រូវការ និងទំហំប្រជាជន មានជីវភាពមធ្យមមានចំនួនច្រើន ក្រុមហ៊ុន Naki Group បានសម្រេច បោះទុនវិនិយោគទឹកប្រាក់ ១០ លានដុល្លារអាមេរិក សាងសង់លំនៅឋានសម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម។
អគ្គនាយកក្រុមហ៊ុន Naki Group លោក មាស ង៉ែតវាសនា បានថ្លែងថា៖ ដោយសារមើលឃើញកំណើនសេដ្ឋកិច្ច និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិសេសប្រជាជនមានជីវភាពថ្នាក់មធ្យម និងមធ្យមកម្រិតទាបកើនឡើងខ្លាំង ទើបលោកសម្រេចចិត្តវិនិយោគបុរី Ravana នេះឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ បុរីនេះស្ថិតនៅលើផ្ទៃដីប្រមាណជាង ៣ហិកតា និងគេហដ្ឋានមួយលក់ក្នុងតម្លៃចន្លោះពី ៣៥,០០០ ទៅ ៦០,០០០ ដុល្លារអាមេរិក អាស្រ័យលើទីតាំង និងទំហំផ្ទះនីមួយៗជាក់ស្តែង។ លោកគិតថា គម្រោងនេះនឹងទទួលបានជោគជ័យ ដោយសារហេតុផលខាងលើ ហើយគូស្វាមីភរិយាវ័យក្មេងដែលមានប្រាក់ខែបូកចូលគ្នាចន្លោះពី ៥០០ ទៅ ៦០០ ដុល្លារក៏អាចសន្សំទិញបាន ហើយខាងលោកនឹងជួយពួកគេឲ្យអាចទទួលបានឥណទានពីធនាគារ ដើម្បីសម្រេចបានលំនៅឋានក្នុងក្តីសុបិនរបស់ពួកគេ។
ការវិនិយោគលំនៅឋានដែលមានតម្លៃសមរម្យបែបនេះ ជាការវិនិយោគស្របតាមស្ថានភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដោយសារប្រទេសយើងមានសុខសន្តិភាព សេដ្ឋកិច្ចកើនឡើងរៀងរាល់ឆ្នាំ ហើយប្រជាជនមានជីវភាពមធ្យមក៏កំពុងមានកំណើនខ្ពស់ផងដែរ។
តំបន់ភាគខាងត្បូងក្រុងភ្នំពេញ ធ្លាប់ត្រូវបានអតីតវីរស្ថាបត្យករកម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ចង្អុលបង្ហាញថា ជាទីតាំងដែលស័ក្តិសមសម្រាប់ការពង្រីកទីក្រុងដោយលោកបានលើកហេតុផលថា តំបន់នេះជាតំបន់ខ្ពស់មិនប្រឈមមុខនឹងទឹកជំនន់។
ស្របពេលជាមួយគ្នានេះដែរ បុរីពិភពថ្មី ក៏បានពង្រីកការវិនិយោគនៅតំបន់ជាប់ផ្លូវជាតិលេខ ២ លើទំហំដីជាង ៥០ ហិកតា និងផ្តោតការសាងសង់លំនៅឋានសម្រាប់ប្រជាជនមានជីវភាពមធ្យមផងដែរ៕
ប្រភព៖ Post Khmer