ប័ណ្ណកម្មសិទ្ធិ គឺជាកត្ដាចំបាច់បំផុតក្នុងវិស័យអចលនទ្រព្យ ។ ទោះបីយ៉ាងណា អ្នកជំនាញក្នុងវិស័យនេះយល់ឃើញថា បច្ចុប្បន្នដំណើរការនៃការចេញប័ណ្ណកម្មសិទ្ធិហាក់មានភាពយឺតយ៉ាវ និងមានចំណុចខ្វះខាតមួយចំនួន ខណៈដែលរាជរដ្ឋាភិបាលមានផែនការបង្កើនប្រសិទ្ធភាពនៃដំណើរការនេះ ។
យោងតាមរបាយការណ៍យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ បានបង្ហាញថា រាជរដ្ឋាភិបាលមានផែនការបង្កើនប្រសិទ្ធភាពនៃដំណើរការចេញប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ និងសិក្សាពីថ្លៃចំណាយនានា។ ទន្ទឹមនឹងនេះ របាយការណ៍ក៏បង្ហាញថា រាជរដ្ឋាភិបាលក៏មានផែនការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការចេញប័ណ្ណកម្មសិទ្ធិប្រភេទតូចៗលើអគារសហកម្មសិទ្ធិ និងការចុះបញ្ជីអចលនទ្រព្យនៅនាយកដ្ឋានចុះបញ្ជីអចលនទ្រព្យនានាផងដែរ ។
ការដាក់ចេញនូវផែនការនេះ ក៏មានការស្វាគមន៍ពីអ្នកជំនាញអចលនទ្រព្យដែលកំពុងប្រតិបត្តិអាជីវកម្មរបស់ខ្លួនលើវិស័យនេះ ក៏ដូចជាសេដ្ឋវិទូកម្ពុជាផងដែរ ។ ដោយអ្នកជំនាញអចលនទ្រព្យអន្តរជាតិដំបូងគេរបស់កម្ពុជាម្នាក់ បានឱ្យដឹងថា៖ ប្រសិនបើរាជរដ្ឋាភិបាលអនុវត្តផែនការនេះ ប្រាកដណាស់ វាមានប្រយោជន៍ទាំងអស់គ្នា ។ កន្លងមក ការចេញប័ណ្ណដល់ម្ចាស់កម្មសិទ្ធិ ពិតជាមានការយឺតយ៉ាវ និងហាក់ដូចជាអត់សូវច្បាស់លាស់ដែលនាំឲ្យមានបញ្ហាច្រើន ។ កត្ដានេះ អាចមកពីកង្វះខាតធនធានដូចជា ខ្វះអ្នកជំនាញវិជ្ជាជីវៈ ខ្វះចំនួនអ្នកធ្វើការ ឬក៏កង្វះខាតថវិកាជាដើម ដែលជាហេតុធ្វើឲ្យការចេញប័ណ្ណកម្មសិទ្ធិនេះ ហាក់ដូចជាខ្វះខាត ។ ការចេញប័ណ្ណនេះ គឺមានសារសំខាន់ណាស់សម្រាប់ម្ចាស់កម្មសិទ្ធិទទួលបានឯកសារត្រឹមត្រូវ ស្របតាមច្បាប់ និងកាត់បន្ថយជម្លោះនៅតុលាការ ឬនៅក្នុងសង្គម និងបញ្ហាផ្សេងៗដែលអាចនឹងកើតមាន ។ ចំពោះរាជរដ្ឋាភិបាល គឺអាចគ្រប់គ្រងបានទៅលើប្លង់ និងជាពិសេស គឺរដ្ឋទទួលបានចំណូលពន្ធច្រើន ព្រោះកន្លងមក ការប្រមូលពន្ធ និងពន្ធប្រថាប់ត្រា ឬពន្ធអចលនទ្រព្យផ្សេងៗនៅមានកម្រិតនៅឡើយ ប៉ុន្ដែប្រសិនបើការចេញប័ណ្ណកម្មសិទ្ធិនេះកាន់តែមានប្រសិទ្ធភាព អីចឹង ប្រសិទ្ធភាពនៃការប្រមូលពន្ធកាន់តែកើនឡើងថែមទៀត ។ ទន្ទឹមនឹងនេះ នឹងធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែមានទំនុកចិត្តពីអ្នកវិនិយោគថែមមួយកម្រិតទៀត ហើយនៅពេលមានសកម្មភាពវិនិយោគកាន់តែច្រើន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលក៏កាន់តែច្រើនផងដែរ ៕
ប្រភព៖ កោះ សន្តិភាព