Register Already an agent ? Login

ការវិនិយោគក្នុងវិស័យអចលនទ្រព្យសព្វថ្ងៃមានការកើនឡើងខ្ពស់ ដោយសារតែគុណសម្បត្តិទាំង ៥យ៉ាងទាំងនេះ

សព្វថ្ងៃនេះយើងសង្កេតឃើញថាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យមានកំណើនកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។  ការវិនិយោគអចលនទ្រព្យដូចជា ​ដី​ធ្លី  ផ្ទះសម្បែងត្រូវបានគេដឹងថាបានផលកម្រៃ ​និងប្រាក់ចំណេញច្រើនមិនចាញ់ការវិនិយោគក្នុងវិស័យផ្សេងៗនោះទេ ។ 

តើអចលនទ្រព្យល្អដូចម្តេចខ្លះ ហេតុអ្វីក៏ចាំបាច់វិនិយោគក្នុងផ្នែកនេះ? មកតាមដានចំណុចពិសេសៗ ​ទាំង៥យ៉ាងទាំងអស់គ្នា៖ 

១-ជាទ្រព្យដែលមានតម្លៃកើនឡើងជានិច្ច

ចំណុចខ្លាំងរបស់អចលនទ្រព្យ គឺជាទ្រព្យសម្បត្តិដែលអាចបំពេញតម្លៃខ្ពស់ឡើងស្ទើរជារៀងរាល់ឆ្នាំ ហើយតម្លៃមិនជាធ្លាក់ចុះប៉ុន្មានទេ ។ ប៉ុន្តែអាចនឹងមានពេលវេលាច្រើនជាង៥ឆ្នាំ ទើបអាចឃើញបានច្បាស់ ជាពិសេស អចលនទ្រព្យស្ថិតក្នុងទីតាំងល្អ មានសក្តានុពល នឹងកាន់តែបង្កើតតម្លៃបានខ្ពស់ ។ ប៉ុន្តែការកើនឡើងនៃតម្លៃអចលនទ្រព្យ គឺអាស្រ័យលើកត្តាបរិស្ថានផ្សេងៗ ទាំងមជ្ឈដ្ឋាននៃការអភិវឌ្ឍទីតាំងនោះ នាពេលអនាគតផង ដែរ ។ មុននឹងសម្រេចចិត្តទិញ អ្នកគួរពិចារណាឱ្យល្អថា ទីតាំងនេះមានសក្តានុពលនាពេលអនាគតឬអត់ ។

២-ផលត្រឡប់មកវិញខ្ពស់ជាងការរំពឹងទុក

ការវិនិយោគក្នុងផ្នែកអចលនទ្រព្យ ជាការវិនិយោគដែលបានផលត្រឡប់មកវិញខ្ពស់ជាងអត្រាអតិផរណា ។ ការវិនិយោគក្នុងអចលនទ្រព្យ ជាទូទៅ តែងបានផលត្រឡប់មកវិញ ជាមធ្យមប្រមាណ៥%-១៥%ក្នុង១ឆ្នាំ ដែលចាត់ទុកថា ខ្ពស់ជាងអត្រាអតិផរណា និងខ្ពស់ជាងអត្រាការប្រាក់ពីប្រាក់បញ្ញើនៅក្នុងធនាគារ ។ នេះជាហេតុផលចម្បងដែលមនុស្សជាច្រើនងាកមកវិនិយោគក្នុងវិស័យអចលនទ្រព្យ ។

៣-ខ្ចីប្រាក់ពីធនាគារមកវិនិយោគ

នឹងមានការវិនិយោគបែបណាខ្លះដែលអាចខ្ចីប្រាក់អ្នកដទៃមកវិនិយោគបាន ប្រសិនបើមិនរាប់ការខ្ចីប្រាក់សម្រាប់បើកអាជីវកម្ម ។ ការវិនិយោគក្នុងអចលនទ្រព្យ ជាការវិនិយោគមួយដែលអាចខ្ចីប្រាក់ពីធនាគារបាន ដែលយើងហៅថា OPM: Other People Money (ការប្រើប្រាស់លុយអ្នកដទៃមកវិនិយោគ) និងកុំភ្លេចពីអត្រាការប្រាក់ និងការចាយវាយផ្សេងៗផងដែរ ព្រោះការខ្ចីប្រាក់ គឺប្រៀបបាននឹងកាំបិតមុខពីរ ។ ចំណុចល្អ គឺយើងអាចវិនិយោគក្នុងអចលនទ្រព្យមានតម្លៃខ្ពស់ តែបើយើងភ្លេចខ្លួន ដោយបង់រំលស់មិនត្រូវតាមពេលវេលានោះ គឺអាចនឹងធ្វើឱ្យទ្រព្យរបស់យើងត្រូវគេរឹបអូសបាន ។

៤-បង្កើតប្រាក់ចំណូលបានច្រើន

ការវិនិយោគក្នុងអចលនទ្រព្យ មិនមែនត្រឹមតែការទិញមកលក់ដើម្បីទទួលប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែនៅអាចបង្កើតប្រាក់ចំណូលបានច្រើនយ៉ាង មិនថាការជួលសម្រាប់ស្នាក់នៅ, ជួលសម្រាប់មុខជំនួញ និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗជាដើម ត្រង់នេះចាត់ទុកថា ជាប្រាក់ចំណូលមួយដែលអាចប្រមូលមុននឹងធ្វើការលក់ចេញ ។ ដូច្នេះ រឿងដែលវិនិយោគិននិយមបំផុតក្នុងការទិញអចលនទ្រព្យ គឺការជួលប្រចាំខែ បន្ទាប់មកលក់ចេញដើម្បីទទួលតម្លៃបន្ថែម ។

៥-ជាមរតកដល់កូនចៅ

អចលនទ្រព្យ គឺជាទ្រព្យសម្បត្តិដែលអាចផ្ទេរដល់កូនចៅបាន មិនថាដី លំនៅឋាន និងសណ្ឋាគារ ។ល។ ដែលក្រៅពីបង្កើតធនធានច្រើនដល់ខ្លួនឯងហើយ អ្នកក៏អាចផ្ទេរទ្រព្យសម្បត្តិដែលមានតម្លៃទាំងនេះដល់កូនចៅបានទៀតផង ៕ 

ប្រភព៖ Immensity Real Estate