ភ្នំពេញ៖ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញកសិផលផ្សេងៗនោះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយឥតសំណងចំនួន 3,942 លានយ៉េន ស្មើនឹង 35 លានដុល្លារអាមេរិកដើម្បីសាងសង់ស្ពានបន្ទាន់ចំនួន 7ទៀត ឆ្លងកាត់ទន្លេមេគង្គនៃប្រទេសកម្ពុជា។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជាបានឱ្យដឹងថា ៖ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ( HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុបចំនួន 35លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង សាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់ ។
គួរកត់សម្គាល់ថា ចាប់តាំងពីខែមេសា ឆ្នាំ2017មក កម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុនប្រមាណជា249លានដុល្លារអាមេរិកហើយ ក្នុងនោះរួមមានហិរញ្ញប្បទានឥតសំណងប្រមាណជា40លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការពារទឺកជំនន់ ព្រមទាំងការកែលម្អប្រព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ និងកម្ចីសម្បទានដែលមានទឹកប្រាក់ប្រមាណ209លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅក្នុងខេត្តព្រះសីហនុ។
ក្នុងពេលតែមួួយនេះដែរ បើទោះជាទីតាំងសាងសង់ស្ពានមិនទាន់ប្រាកដ និងប្រកាសជាផ្លូវការយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថាតម្លៃដីនៅម្តុំៗ និងសងខាងទន្លេមេគង្គស្រាប់តែឡើងថ្លៃខ្ពស់ជាលំដាប់ ដែលធ្វើឱ្យអ្នកធូរធារពិបាកនឹងលូកដៃទិញដីទាំងនោះណាស់ ដោយភាគច្រើនត្រូវបានប្រមូលទិញដោយក្រុមហ៊ុនវិនិយោគផ្ទះ បុរី និងអ្នករកស៊ីគួកជេរដីជាដើម ៕
ប្រភព៖ lareine