ថៃ៖ ក្រុមហ៊ុន Siam Park Bangkok Co., ដែលជាម្ចាស់សួនឧទ្យានកម្សាន្តធំបំផុតនៅក្នុងប្រទេសថៃ នឹងធ្វើការវិនិយោគទឹកប្រាក់ចំនួន ៣ ពាន់លានបាត ដើម្បីបង្កើតតំបន់កម្សាន្ត និងពាណិជ្ជកម្មថ្មីមួយនៅក្នុងទីក្រុងបាងកកក្នុងឆ្នាំនេះ គឺស្ថិតក្នុងគោលបំណងបង្កើនអតិថិជនរបស់ខ្លួន។ អ្នកស្រី Noppagarn Luangamornlert នាយិការងគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនខាងលើបានថ្លែងថា ទឹកប្រាក់នេះនឹងត្រូវបានយកទៅវិនិយោគគម្រោង «ទីក្រុងបាងកក» ថ្មីដែលនឹងជាគម្រោងតំបន់កម្សាន្ត និងពាណិជ្ជកម្មលក់ដូរនៅលើផ្ទៃដីប្រមាណ ៧០ រ៉ៃ នៅក្បែរសួនទឹក និងឧទ្យានកម្សាន្ត Siam Park City។
គម្រោងនេះនឹងចាប់ផ្តើមសាងសង់ចាប់ពីឆ្នាំនេះតទៅ។ គោលបំណងរបស់យើងគឺដើម្បីស្តារឡើងវិញនូវទីប្រជុំជនចំណាស់ដ៏ល្បីល្បាញរបស់ទីក្រុងបាងកកក្នុងនាមជាតំបន់ពាណិជ្ជកម្មដូចជា Chinatown, Sampheng និង Khlong Thom ជាដើម។ គម្រោងនេះនឹងរួមមានអគារចំនួន ១៣ ដែលអគារនីមួយៗនឹងដើរតួជាទីប្រជុំជនចំណាស់ ឬជាតំបន់ពាណិជ្ជកម្មតែម្តង។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងសង់រួចរាល់នៅឆ្នាំ ២០២០។
ការវិនិយោគ និងសាងសង់គម្រោង ទីក្រុងបាងកក (Bangkok City) គឺជាផ្នត់គំនិតមួយដែលបានផុសចេញពីក្តីសុបិនរបស់លោក Chaiwat Luangamornlert វ័យ ៧៩ ឆ្នាំ ដែលបានរិះគិតអស់រយៈពេលជាង ៣៧ ឆ្នាំមកហើយ ក្នុងឋានៈលោកជាម្ចាស់ និងនាយកគ្រប់គ្រងឧទ្យាន Siam Park City។ «លោក Chaiwat មានក្តីសុបិនចង់កសាងគម្រោង Bangkok City នេះអស់រយៈពេល ២ ទសវត្សរ៍មកហើយ ហើយក្តីសុបិនរបស់លោកនឹងក្លាយជាការពិតនៅពេលគម្រោងនេះសង់រួចរាល់» នេះបើយោងតាមអ្នកស្រី Noppagarn។
ក្រុមហ៊ុននេះនឹងវាយចោលនូវការិយាល័យធំ និងសំណង់នៅតំបន់លក់សំបុត្រនៅខាងមុខច្រកចូល Siam Park នៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ ហើយនឹងចំណាយទឹកប្រាក់ ៣០០ លានបាតសម្រាប់ការសាងសង់អគារកម្ពស់ ២ ជាន់ដំបូង ដើម្បីធ្វើជាកន្លែងផ្តល់សេវាបម្រើអតិថិជន និងរួមមានទាំងភោជនីយដ្ឋាន បន្ទប់សិក្ខាសាលា ដែលអាចផ្ទុកមនុស្សបានពី ៥០ ទៅ ២៥០ នាក់ ព្រមទាំងការិយាល័យលក់សំបុត្រផងដែរ។
អគារដំបូងនេះត្រូវបានគេរំពឹងនឹងសាងសង់រួចរាល់ក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះ។ រីឯអគារចំនួន ១២ ផ្សេងទៀត នឹងធ្វើជាកន្លែងលក់ដូរទំនិញ និងមជ្ឈមណ្ឌលកម្សាន្ត។
នៅក្នុងគម្រោងរបស់ក្រុមហ៊ុននេះក៏នឹងមានផ្សាររាត្រីមួយទៀតដែលនឹងបើករហូតដល់ម៉ោង ៩ យប់។ «ជាមួយនឹងគម្រោង Bangkok City នេះ យើងរំពឹងថា Siam Park នឹងក្លាយជាគោលដៅតំបន់កម្សាន្តមួយទៀតសម្រាប់ប្រជាជនក្នុងស្រុក និងជាកន្លែងដំបូងសម្រាប់ភ្ញៀវបរទេសមកកម្សាន្ត ពេលចុះមកដល់ប្រទេសថៃភ្លាម ហើយអាចនឹងជាកន្លែងកម្សាន្តចុងក្រោយមុននឹងចាកចេញទៅវិញផងដែរ» នេះបើតាមសម្តីរបស់អ្នកស្រី។
អតិថិជនប្រមាណ ៨៥ ភាគរយ ដែលមក Siam Park City គឺជាជនជាតិថៃ ខណៈដែលភ្ញៀវបរទេសមកពីមជ្ឈិមបូព៌ា ប្រទេសឥណ្ឌា រុស្ស៊ី ចិន និងតៃវ៉ាន់។
អ្នកស្រី Noppagarn ថ្លែងថា ភ្ញៀវដែលមកកម្សាន្តនៅឧទ្យានកម្សាន្តនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះមានចំនួនខ្ពស់ជាងត្រីមាសទី ៤ កាលពីឆ្នាំមុន។ អ្នកស្រីបន្តថា ៖ «ស្ថានភាពមិននៅធម្មតានោះទេ ប៉ុន្តែវាពិតជារឿងដ៏ល្អសម្រាប់យើងដែលយើងបានទទួលអតិថិជនថ្មីៗមកពីប្រទេសជិតខាង»។
ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ប្រមាណ ១០០ លានបាត ដើម្បីបើកកន្លែងជិះ «Siam Lagoon» នៅតំបន់សួនទឹក ដែលផ្តល់ជាកន្លែងសម្រាប់ជិះឧបករណ៍ម្យ៉ាងចុះទៅទឹកមួយដ៏ធំ និងជាកន្លែងសម្រាប់ក្មេងៗនៅតាមតំបន់កម្សាន្តជាលក្ខណៈគ្រួសារផងដែរ។
ភ្ញៀវទស្សនាវ័យជំទង់ដែលមកកម្សាន្តនៅ Siam Park City បានកើនឡើងដល់ទៅ ២ ដង។ រីឯសកម្មភាពទីផ្សារបានពង្រីកកិត្តិនាមរបស់ខ្លួនដូចជាការប្រគំតន្ត្រីជាដើមនឹងត្រូវបានរៀបចំបន្ថែមដើម្បីទាក់ទាញយុវវ័យបន្ថែមទៀតនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះរំពឹងថា នឹងអាចបង្កើនការលក់របស់ខ្លួនបាន ១០ ភាគរយ ស្មើនឹងទឹកប្រាក់ប្រមាណ ៥៥០ លានបាតនៅក្នុងឆ្នាំនេះ៕
ប្រភព៖Bangkok Post