មួយរយៈចុងក្រោយនេះ ចិនកំពុងតែធ្វើការវាយលុកយ៉ាងខ្លាំងក្លាលើទីផ្សារពិភពលោក ជាពិសេសគឺប៉ែកអឺរ៉ុប។ ចំណែកនៅប្រទេសកម្ពុជាវិញ ចិនក៏បានកំពុងតែមកឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដីធ្លីនៅកម្ពុជាជាមួយវត្តមានក្រុមហ៊ុនយក្សធំៗទាំងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនវិនិយោគវិស័យសំណង់ផងដែរនៅកម្ពុជា។
អ្នកជំនាញជាច្រើនបានលើកឡើងស្រដៀងគ្នាថាដោយសារ ភាពស្អិតល្មួតរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ ២០១០មក និងដោយសារតែកំណើនសេដ្ឋកិច្ចកម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយយ៉ាងពេញលេញ និងកត្តាច្បាប់ដែលផ្តល់ភាពអនុគ្រោះជាច្រើនបានធ្វើឲ្យកម្ពុជាស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិជាយូរមកហើយ ពិសេសអ្នកវិនិយោគមកពីប្រទេសចិន។
ម្យ៉ាងវិញទៀត កំណើនវិនិយោគរបស់ចិនដោយសារកម្ពុជាជាទីផ្សារដែលមានសក្តានុពលដែលពួកគេមើលឃើញ ហើយនេះជានិន្នាការធម្មតាដែលអ្នកវិនិយោគប្រទេសចិនតែងតែស្វែងរកឱកាសវិនិយោគនៅប្រទេសជិតខាងដូចជាកម្ពុជាដែលពួកគេមើលឃើញថាជាទីផ្សារមានភាពរីកចម្រើន និងមានឱកាសចំណេញច្រើន។ អ្នកវិនិយោគចិនភាគច្រើនមានអតិថិជនក្នុងដៃស្រាប់ព្រោះគម្រោងវិនិយោគរបស់ពួកគេផ្តោតលើការផ្សព្វផ្សាយលក់នៅក្រៅប្រទេសច្រើនជាងនៅប្រទេសកម្ពុជា។ ទោះជាយ៉ាងណាគម្រោងវិនិយោគរបស់ចិនក៏បានផ្តោតលើអតិថិជនចម្រុះផងដែរ។
យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរកឃើញថាគិតចាប់ពីឆ្នាំ ២០០០ រហូតមកដល់ត្រឹមរយៈពេល ៩ ខែដើមឆ្នាំ ២០១៧ កន្លងមកនេះគម្រោងវិនិយោគឯកជនដែលគ្រប់គ្រងដោយជនបរទេសនៅកម្ពុជាមានចំនួន ២៨៧ គម្រោងមានផ្ទៃក្រឡាសរុបជាង ១២ លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបទំហំ ៤,២៩៧ លានដុល្លារអាមេរិក ក្នុងនោះប្រទេសចិនមានគម្រោងសរុបចំនួន ១១០ ក្នុងចំណោមគម្រោងសរុបចំនួន ២៨១ និងមានទុនវិនិយោគ ១៦៥៦ លានដុល្លារអាមេរិកឈរនៅចំណាត់ថ្នាក់ទី ១ និងកូរ៉េស្ថិតក្នុងចំណាត់ថ្នាក់ទី ២។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានថ្លែងឲ្យដឹងកាលពីថ្ងៃច័ន្ទថាចិនបានឈរចំណាត់ថ្នាក់លេខ ១ តាំងពីឆ្នាំមុនដែលពួកគេបានវិនិយោគភាគច្រើននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយពួកគេផ្តោតការវិនិយោគភាគច្រើនលើខុនដូ និងសណ្ឋាគារ៕
ប្រភព៖ Post Khmer