ខេត្តព្រះសីហនុ៖ មួយរយៈមុនតម្លៃដីនៅព្រះសីហនុបានចាប់ផ្តើមកក្រើកគួររឱ្យកត់សម្គាល់រយចក៏ស្ងប់ស្ងាត់ទៅវិញ។ ប៉ុន្តែពេលនេះការអភិវឌ្ឍភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកំណើននាំការវិនិយោគរបស់ប្រទេសចិនបានធ្វើឲ្យខេត្តជាប់មាត់សមុទ្រដែលធ្លាប់តែអ៊ូអរតែពេលចុងសប្តាហ៍នេះប្រែជាគគ្រឹកគគ្រេង និងមានសន្ទុះអភិវឌ្ឍយ៉ាងលឿនស្ទើរមិនគួរឲ្យជឿ។
ដោយសារការកើនឡើងនូវចំនួនអ្នកវិនិយោគបានធ្វើឲ្យខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងធ្វើឲ្យតម្លៃដីធ្លី និងអចលនទ្រព្យដទៃទៀតកើនឡើងលើសពីទ្វេដង និងកន្លែងខ្លះកើនឡើងរហូតដល់៤ដងធៀបនឹងប៉ុន្មានឆ្នាំមុន។ ដោយសារតែមានវត្តមានកាស៊ីណូកាន់តែច្រើន ខេត្តព្រះសីហនុកំពុងតែមានជនជាតិចិនរស់នៅ និងមានភ្ញៀវទេសចរចិនកើនឡើងកាន់តែច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ គេប៉ាន់ស្មានបានថា តម្លៃដីធ្លីក្នុងខេត្តនេះនឹងនៅតែបន្តកើនដល់លក់តម្លៃថ្លៃបំផុតនៅពេលខាងមុខនេះ ។
ខេត្តព្រះសីហនុ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចនានាមើលឃើញសក្តានុពលរបស់ខេត្តនេះ ដូចជា ការភ្ជាប់ផ្លូវរថភ្លើងការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តនេះ កំពង់ផែទឹកជ្រៅមានព្រលានយន្តហោះអន្តរជាតិដែលមានសកម្មភាពកាន់តែសកម្ម និងមានតំបន់ឧស្សាហកម្មធំជាងគេទី១នៅកម្ពុជា។
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមានរោងចក្រ សហគ្រាសសរុបជាង ១១០ កន្លែង និងមានទុនវិនិយោគ ៣១០ លានដុល្លារអាមេរិក ព្រមទាំងបានផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ១៦,០០០ នាក់។
លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសកើនឡើង ការធានាបាននូវសន្តិសុខ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច បានធ្វើឲ្យខេត្ត ព្រះសីហនុរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសអចលនទ្រព្យក្នុងខេត្តនេះកំពុងកើនឡើងទ្វេដង ឬលើសពីនេះ ជាក់ស្តែងដីនៅតំបន់អូរត្រេះ ពីមុនមានតម្លៃ ៤០០ បានកើនដល់ ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដីធ្លីនៅជាប់មាត់សមុទ្រពីមុនតម្លៃ ៨០០ ដុល្លារ បានកើនដល់ ១ ២០០ ទៅ ១ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកអគារការិយាល័យផ្ទះសំបែង សម្រាប់ជួលក៏មានកំណើនទ្វេដងផងដែរ ដោយសារការកើនឡើងនៃតម្រូវការរបស់ជនជាតិចិន។
ខេត្តព្រះសីហនុដូចកូនក្រមុំមួយដែលមិនទាន់ច្នៃអ៊ីចឹង និងមិនទាន់ទាញយកអស់សក្តានុពលនៅឡើយទេ តែគេសង្ឃឹមថានៅថ្ងៃអនាគតខេត្តនេះនឹងក្លាយជាកន្លែងផលិតសម្រាប់ចែកចាយទៅកាន់បណ្តាប្រទេសក្នុងតំបន់នាពេលអនាគត លើសក្តានុពលជាច្រើន ដែលមានស្រាប់នាពេលបច្ចុប្បន្ននេះ។
ទោះជាយ៉ាងណាមានអ្នកវិនិយោគសណ្ឋាគារអូរឈើទាល ក្នុងក្រុងព្រះសីហនុមួយកន្លែងបានសម្តែងការប្រុងប្រយ័ត្នពេលលើកឡើងពីល្បឿននៃការអភិវឌ្ឍរបស់ខេត្តនេះ ទោះជាមានការភ្ជាប់ជើងហោះហើរកាន់តែសកម្មក្តីតែវិស័យសណ្ឋាគារ នៅតែមិនសូវល្អប្រសើរទេហើយចំណែកសណ្ឋាគារដែលចិនជួលធ្វើកាស៊ីណូ អាចឲ្យភ្ញៀវស្នាក់នៅបាន ប៉ុន្តែទាល់តែភ្ញៀវនោះចូលលេងកាស៊ីណូរបស់ពួកគេសិន ទើបមានបន្ទប់សម្រាកនិន្នាការនេះដូចគ្នានឹងទីក្រុងឡាវេហ្គាស់សហរដ្ឋអាមេរិក។
អ្នកវិនិយោគបានបន្តបន្ថែមថា ទាក់ទងនឹងស្ថានភាពអចលនទ្រព្យ ការឡើងតម្លៃដីធ្លីនៅខេត្តនេះពិតជាបានកើនឡើងមែនតែដូចជាផ្អើលៗតាមគ្នា ហាក់ដូចជាពពុះសាប៊ូច្រើនជាង ហើយចរន្តនៃការអភិវឌ្ឍបច្ចុប្បន្នហាក់ដូចជាគ្មានអ្វីជាដុំកំភួនទេ។ តែការវិនិយោគធំៗ សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែអ្វីដែលបារម្ភ គឺខ្លាចតែរបស់ល្អដែលយើងមាន តែយើងគ្រប់គ្រងមិនបានទៅវិញ និងប្រសិនជាមានបញ្ហា នឹងធ្វើឲ្យខេត្តនេះនឹងមិនមានអ្នកវិនិយោគល្អៗចូលមកឡើយ។ តែប្រសិនជាអ្នកវិនិយោគមានបំណងប្រែក្លាយខេត្តនេះដូចជា ម៉ាកាវ និងផ្តោតលើការអភិវឌ្ឍប្រកបដោយនិរន្តរភាពនោះទើបជារឿងល្អប្រសើរ៕
ប្រភព៖ Post Khmer