ទីផ្សារអចលនទ្រព្យទំនងជាដល់វដ្តថ្មីមួយនៅពេលក្រុមប្រជាជនមានជីវភាពមធ្យមបានកើនឡើង ទន្ទឹមនឹងការកើនឡើងនូវការវិនិយោគលំនៅដ្ឋានសម្រាប់ប្រជាជនមានជីវភាពថ្នាក់កណ្តាលក៏បានចាប់ផ្តើមជាច្រើននៅជាយក្រុងភ្នំពេញផងដែរ។
កាលពីពេលថ្មីៗនេះថាចរន្តនៃកំណើនជីវភាពប្រជាពលរដ្ឋ បណ្តាលមកពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ដែលធ្វើឲ្យក្រុមប្រជាជនមានជីវភាពមធ្យមមានការកើនឡើងជាប្រចាំ និងធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញលំនៅឋានកាន់តែច្រើន ពិសេសលំនៅឋានមានតម្លៃមធ្យម ហើយប្រជាជនខ្លះមានផ្ទះរួចហើយ ប៉ុន្តែពួកគេបានទិញលំនៅឋានសម្រាប់កូនចៅរបស់ពួកគេនាពេលអនាគត។
តាមទិន្នន័យនៃការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថាក្នុងរយៈពេល ១៥ ឆ្នាំខាងមុខគិតចាប់ពីឆ្នាំ ២០១៥ ដល់ ២០៣០ តម្រូវការលំនៅឋានសម្រាប់រាជធានី ក្រុង និងទីប្រជុំជននានាមានប្រមាណ ៨០ ម៉ឺនលំនៅឋានដែលគិតជាមធ្យមមានតម្រូវការប្រមាណ ៥ ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ ខណៈចំនួនប្រជាជនរស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ ២០១៤ មានចំនួន ៤,៥ លាននាក់ស្មើនឹង ២៧,១ ភាគរយ និងបន្តកើនឡើងដល់ ៧,៩២ លាននាក់នៅឆ្នាំ ២០៣០ ស្មើនឹង ៤៤ ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។
តម្រូវការលំនៅឋានសម្រាប់ប្រជាជនមានជីវភាពមធ្យម ពិតជាកើនឡើងព្រោះវាជាមូលដ្ឋាននៃតម្រូវការពិតប្រាកដដោយសារប្រជាជនមានជីវភាពមធ្យមមានចំនួនច្រើន និងជាទីផ្សារធំមួយដែលអ្នកវិនិយោគគួរតែចាប់យក។ ចំពោះលំនៅឋានសម្រាប់ប្រជាជនមានជីវភាពមធ្យមមិនមានការកំណត់និយមន័យជាក់លាក់ណាមួយនោះឡើយ ប៉ុន្តែវាទំនងជាលំនៅឋានដែលមានតម្លៃចាប់ពី ២ ដល់ ៦ ម៉ឺនដុល្លារអាមេរិក៕
ប្រភព៖ Post Khmer