កណ្តាល ៖ ផ្សារបណ្តែតទឹកលើកដំបូងនៅកម្ពុជា បានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ ដោយគ្រោងនឹងបោះទុនវិនិយោគសរុបចំនួន៥លានដុល្លារអាមេរិក លើផ្ទៃដីជាង៣៦ហិកតា ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
លោកឧកញ៉ាស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group បានថ្លែងឲ្យដឹងថា៖ លោកបានចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្សារបណ្តែតទឹកនេះហើយ ដើម្បីធ្វើជាចំណតរថយន្ត ដែលអាចចតរថយន្ដក្រុងបានជាង២០០គ្រឿង, ចំណតម៉ូតូនិងចំណតរថយន្តអគ្គិសនី ។ លោកបន្តថា តាមគម្រោងផ្សារទំនើបនេះ នឹងបញ្ចប់ ហើយអាចដាក់ឲ្យដំណើរការបាននៅដើមឆ្នាំ២០១៩ខាងមុខ ។ លោករំពឹងថា នឹងទទួលបានជោគជ័យតាមរយៈការសហការជាមួយក្រសួង និងក្រុមហ៊ុនទេសចរណ៍ផ្សេងៗទៀត ។
លោកបន្តថា ៖ «ខ្ញុំរំពឹងថាគម្រោងនេះនឹងទទួលបានជោគជ័យ ដោយសារការរៀបចំផ្សារបណ្តែតទឹកនេះធ្វើឡើងដើម្បីបង្កើតភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ »។ លោកបន្តថា៖ « រហូតមកទល់ពេលនេះ មានប្រជាពលរដ្ឋកម្ពុជាជាមធ្យមពី៣០០នាក់ទៅទស្សនាតំបន់នេះ ដែលមានខ្យុសអង្គុយលេងកម្សាន្ដ » ។ ចំពោះទូកជិះកម្សាន្ដនៅតំបន់ផ្សារបណ្តែតទឹកនេះ នឹងមានទូកចំនួន១៥ជាជំហានដំបូងសម្រាប់ភ្ញៀវជិះកម្សាន្ដ ។
លោកឧកញ៉ា ស្រី ចាន់ថន បានបន្តថា ការវិនិយោគផ្សារបណ្តែតទឹកនេះ ធ្វើឡើងតាមទម្រង់ទីក្រុងលង្វែកដែលជាអតីតរាជធានីខ្មែរសម័យបុរាណ ហើយមូលហេតុដែលលោកយកលំនាំបែបនេះ ដោយសារលោកមិនចង់ចម្លងពីគេ និងចង់រំលឹកប្រវត្តិសាស្ត្រខ្មែរឡើងវិញ ។ លោកបន្តថា ក្រៅពីផ្សារបណ្តែតទឹកនេះ លោកក៏នឹងរៀបចំឲ្យមានខ្សែរ៉ត ដែលមានប្រវែងប្រមាណ៥គីឡូម៉ែត្រ សម្រាប់ជិះឆ្លងភ្នំសិប្បនិមិត្តចំនួន៤ប្រភេទផងដែរ ដូចជា រ៉តដែលប្រើប្រាស់ស៊ីក្លូអាចជិះបាន ធាក់កង់នៅលើខ្សែរ៉ត ខ្សែរ៉តជិះបែបស៊ុបភើមែន និងខ្សែរ៉តដែលអាចអង្គុយជិះបាន ។ លោកបន្តថា «ខ្ញុំកំពុងឲ្យអ្នកជំនាញសិក្សាពីនេះដើម្បីរៀបចំខ្សែរ៉តជិះកម្សាន្ដនៅតំបន់Skyland ហើយចំពោះតម្លៃវិនិយោគខ្សែរ៉តនេះ មិនទាន់ដឹងនៅឡើយទេ »។
លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុនJet Groupជាការល្អប្រសើរ ព្រោះវានឹងបង្កើតឲ្យមានផលិតផលថ្មីមួយសម្រាប់វិស័យទេសចរណ៍នៅកៀករាជធានីភ្នំពេញ ដែលអាចឲ្យភ្ញៀវទៅលេងកម្សាន្ដបាន ព្រោះនៅរាជធានីភ្នំពេញមិនសូវមានតំបន់លំហែកម្សាន្ដសម្រាប់ភ្ញៀវទេសចរនៅឡើយទេ ដូច្នេះទើបទាមទារឲ្យវិស័យឯកជនចូលរួមវិនិយោគរមណីយដ្ឋានកែច្នៃបន្ថែមទៀត ។
លោកបន្តថា Skylandជាតំបន់ល្អ មានភាពទាក់ទាញ និងខ្យល់អាកាសបរិសុទ្ធ ព្រោះជាតំបន់ទំនាប និងស្ថិតនៅជាប់ដងទន្លេ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលចិត្តទៅកម្សាន្ដ ៕
ប្រភព៖ កោះសន្តិភាព