ប្រទេសឥណ្ឌា៖ គេហដ្ឋានដែលមានឈ្មោះថា អានទីលា (Antilia) ឋិតនៅក្នុងរដ្ឋធានីមុមបៃ ប្រទេសឥណ្ឌា ត្រូវបានគេដឹងថាជាគេហដ្ឋានដែលមានតម្លៃថ្លៃជាងគេបង្អស់ក្នុងលោក ដោយត្រូវបានគេប៉ាន់ស្មានថាមានតម្លៃរហូតដល់ ប្រមាណ ១ពាន់លានដុល្លារអាមេរិក ។ ប៉ុន្តែ គេបានដឹងថា តាមពិត រាជវាំង បាក់ឃីមហាំ (Buckingham Palace) របស់ម្ចាស់ក្សត្រីអង់គ្លេស អេលីហ្សាបេត ទី២ (Queen Elizabeth II) ឯណោះទេដែលមានតម្លៃថ្លៃជាងគេ គឺរហូតដល់ទៅជាង ១ពាន់ ៥រយលានដុល្លារអាមេរិក ដោយគ្រាន់តែរាជវាំងនេះ មិនអាចទិញលក់បានឡើយ បានជាគេមិនរាប់ចូលជាបញ្ជីជាគេហដ្ឋានដែលថ្លៃជាងគេបង្អស់។
គេហដ្ឋាន អានទីលា (Antilia) ខាងលើនេះជាកម្មសិទ្ធរបស់មហាសេដ្ឋីកំពូលរបស់ឥណ្ឌាម្នាក់គឺ លោក មូខេស អាំបេនី (Mukesh Ambani) ដែលមានទឹកប្រាក់សរុបប្រមាណជាង ២៣ពាន់លានដុល្លារអាមេរិក ដែលត្រូវបានសាងសង់នៅឆ្នាំ ២០០៦ និងបញ្ចប់នៅឆ្នាំ ២០១០។
ផ្ទះនេះឋិតនៅលើផ្ទៃដីប្រមាណ ៤,៥០០ ម៉ែត្រក្រឡា មានកម្ពស់ ២៧ជាន់ តែកម្ពស់ជាក់ស្ដែងស្ទើរតែស្មើនឹងអគារធម្មតាកម្ពស់៤០ជាន់ ព្រោះពិតានជាន់ខ្លះរបស់ផ្ទះនេះមានដល់ទៅ២ថ្នាក់។ ចំណែកបុគ្គលិកក្នុងផ្ទះមានរហូតដល់ ៦០០នាក់ ត្រូវបានជួលសម្រាប់ថែទាំគេហដ្ឋាននេះទាំងមូល គឺដោយសារវាមានបន្ទប់គេងជាច្រើន អាងស្ប៉ា ចំណតរថយន្ដក្រោមដី ចំណតរថយន្ដលើអគារច្រើនជាន់ ចំណតឧទ្ធម្ភាគចក្រ សួនច្បារ និងរោងកុន -ល-។ ដោយគ្រាន់តែរបៀងផ្ទះ (កន្លែងទទួលភ្ញៀវ) តែឯងមានជណ្ដើរយន្ដប្រអប់ដល់ទៅ ៩ ដើម្បីដឹកនាំភ្ញៀវឯណោះ៕
ប្រភព៖ Business Insider Australia