ភ្នំពេញ៖ បន្ទាប់ពីផ្លូវក្រវាត់ក្រុងទី២ កំណាត់ទី២ ដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ឥឡូវនេះផ្លូវក្រុងទី៣ កំណាត់ទី១ ចាប់ផ្ដើមសាងសង់ទៀតហើយ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមប្រភពដដែលបានឱ្យដឹងថា គម្រោងផ្លូវនេះមានប្រវែងសរុបចំនួន៥២គីឡូម៉ែត្រ ធ្វើពីបេតុងសរសៃដែក ដែលក្នុងនោះ៤៧គីឡូម៉ែត្រជា ផ្លូវបួនគន្លង ពីរទៅពីរមក មានទទឹងប្រវែង២៥ម៉ែត្រ។ចំណែក ៥គីឡូម៉ែត្រទៀតមានពីរគន្លងសម្រាប់ចូល ទៅកាន់កំពង់ផែ។
ផ្លូវក្រវាត់ក្រុងទី៣ កំណាត់ទី១នេះ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចទំនប់កប់ស្រូវ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងបញ្ចប់ត្រឹមផ្លូវជាតិលេខ១។ ដោយឡែក ចំពោះថវិកាត្រូវចំណាយ មិនទាន់ត្រូវបានបញ្ចេញនោះទេ។
ផ្លូវក្រវាត់ក្រុងទី៣នេះ មានសារៈសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្នុងការជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ចំណេញពេលវេលាក្នុងការធ្វើដំណើរ។ ជាពិសេសជួយបញ្ចៀសរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ទីក្រុងទៀតផង។សូមជម្រាបជូនថា កាលព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៧ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូមួយក្រុមរួមមាន ថ្នាក់ដឹកនាំក្រសួងសាធារណការ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម្ចាស់គម្រោង និងតំណាងក្រុមប្រឹក្សាបច្ចេកទេស។ ក្នុងការចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រជាក់ស្តែង ដើម្បីសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កំណាត់ទី១ នេះ៕