ភ្នំពេញ៖ ក្នុងសម័យកាលបច្ចុប្បន្ននេះឃើញថាមានឧស្សាហកម្មជាច្រើនរីកដុះដាលធ្វើឱ្យបំផ្លាញបរិស្ថាន និងបរិយាកាសនៅក្នុងសង្គមជាដើម។ ប៉ុន្តែក៏មានការចូលរួមចំណែកជាច្រើនពីសំណាក់អ្នកដែលស្រលាញ់ធម្មជាតិដែលខិតខំបង្កើតទីកន្លែងកម្សាន្តនានាតាមបែបធម្មជាតិឡើងជាច្រើន។ ការបង្កើតឲ្យមានជាទីកន្លែងរស់នៅ និងប្រកបអាជីវកម្មដែលមានលក្ខណៈធម្មជាតិ គឺជាចាំបាច់ដើម្បីដោះស្រាយការបំពុលបរិយាកាស។ វិនិយោគិនជាច្រើនបានមើលឃើញថាឱកាសធ្វើជំនួញបែបថ្មី គឺការអភិវឌ្ឍពាណិជ្ជកម្ម តាមរយៈការសាងសង់អគារលំនៅឋានដែលផ្តោតលើបរិយាកាសប្រកបដោយផាសុកភាពដល់អតិថិជន។
ដូច្នេះហើយបានជាសហគមន៍ផ្សារទំនើប Community Mall បានបង្កើតឡើង ដើម្បីអាចផ្តល់ជាកន្លែងសម្រាប់មនុស្សគ្រប់រូបលម្ហែកាយក្នុងការទិញអីវ៉ាន់តាមហាងផ្សេងៗ ការបរិភោគអាហារ និងកាហ្វេយ៉ាងរីករាយ ខណៈពេលដែលកូនៗរបស់ពួកគេក៏មានកន្លែងលេង ហាត់ប្រាណ និងលេងកីឡានៅទីលានបាល់ទាត់។ ការអភិវឌ្ឍនេះមានបំណងមិនគ្រាន់តែជាតំបន់ពាណិជ្ជកម្មសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែជាគោលដៅសម្រាប់ការរស់នៅដោយបរិយាកាសបរិសុទ្ធការធ្វើសមាហរណកម្មនៃផ្សារទំនើបមានទេសភាពបៃតងដែលមិនត្រឹមតែបង្កើតបរិយាកាសស្អាតសម្រាប់ការអភិវឌ្ឍប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីការច្នៃប្រឌិតគំនិតថ្មីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ដែលអាចធ្វើដំណើរជុំវិញទីតាំងធម្មជាតិយ៉ាងស្រស់ស្រាយ។
គម្រោងសហគមន៍ផ្សារទំនើប The Park បានឱ្យដឹងថា The Park Community Mall ជាផ្នែកមួយរបស់ក្រុមហ៊ុន The Park Development ដែលមានគោលបំណងក្លាយជាសហគមន៍ផ្សារទំនើបបែបលក្ខណៈធម្មជាតិ និងទីធ្លាដើរកម្សាន្តធំទូលាយរួមទាំងទីលានបាល់ទាត់ ហើយផ្សារនេះនឹងមានហាងលក់ទំនិញ ហាងលក់ម្ហូបអាហារ និងភេសជ្ជៈ ហាងលក់អីវ៉ានផ្សេងៗទៀតដែលមានស្តង់ដារ។ ដោយមានគោលដៅខុសពីគេ គម្រោង The Park នេះមានការយកចិត្តទុកដាក់ខ្ពស់លើការបង្កើតបរិយាកាសធម្មជាតិសម្រាប់អតិថិជន ដែលមានទីតាំងស្ថិតនៅជិតនឹងទន្លេ គឺនៅខាងមុខមាត់ទន្លេ និងការរួមបញ្ចូលគ្នានៃការដាំរុក្ខជាតិបៃតងជាច្រើនប្រភេទ។ ជាពិសេសមានពូជដើមឈើខ្មែរមានតម្លៃដូចជានាងនួន និងបេងជាដើម។
គម្រោងនេះស្ថិតនៅលើផ្ទៃដី៩ហិកតា នៅលើផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ ការអភិវឌ្ឍនេះ គឺជាគោលដៅពាណិជ្ជកម្មមួយសម្រាប់អ្នកដែលត្រូវការកន្លែងម្ហូបអាហារ ភេសជ្ជៈ កីឡា និងទីកន្លែងកម្សាន្ត ហើយទីផ្សារ The Park នេះ ត្រូវបានគេរំពឹងថា នឹងបើកនៅដើមឆ្នាំ២០១៨ ខាងមុខនេះ៕
ប្រភព៖ Post Khmer