Register Already an agent ? Login

គិតត្រឹមខែមេសា ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុចំនួន២៨៧គម្រោង ទុនវិនិយោគ ៦ ៨៧៥លានដុល្លារ

ភ្នំពេញ៖ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៨៧គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុបចំនួន ៦ ៨៧៥លានដុល្លារ។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១៥ របស់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្ត ព្រះសីហនុ” ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ២០២៥។

បើតាមកិច្ចប្រជុំ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោង ចំនួន១៨ ក្នុងនោះ ពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៥គម្រោង និងគម្រោងថ្មីចំនួន ១៣គម្រោង ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ២០៥លានដុល្លារ និងអាចបង្កើតការងារប្រមាណ ២ ៩១៦កន្លែង។

គម្រោងទាំងនោះ ជាអាទិ៍មាន រោងចក្រស្លនិងកែច្នៃលោហៈធាតុ រោងចក្រ កែច្នៃកាកសំណល់ រោងចក្រផលិតផលិតផលធ្វើពីក្រដាស អគារការិយាល័យ អគារស្នាក់នៅរួម សណ្ឋាគារ និងស្ថានីយទូរទស្សន៍។

ជារួម គិតត្រឹមខែមេសា ឆ្នាំ២០២៥ ក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោង ចំនួន ២៨៧គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន ៦ ៨៧៥លានដុល្លារ។

គួររំលឹកផងដែរថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់អាទិភាពក្នុងការពន្លឿនការអភិវឌ្ឍខេត្តនេះឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុង ការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា។ ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្ត កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដោយផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីនានា រួមទាំងការលើក ទឹកចិត្តផ្នែកពន្ធដារផងដែរ។

តាមរយៈវិធានការដែលដាក់ឱ្យអនុវត្តនៅក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនេះ គម្រោង វិនិយោគ ឬសកម្មភាពធុរកិច្ច ៤ប្រភេទ រួមមាន៖ ទី១. គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ទី២. គម្រោងវិនិយោគដែលអាច ចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ ២០២៤ ទី៣. ការពង្រីកគម្រោងដែលមានស្រាប់ និងទី៤. គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ នឹងទទួល បានការលើកទឹកចិត្តផ្នែកពន្ធដារ។

ក្នុងនោះ រួមមាន ការលើកលែងនូវប្រភេទពន្ធអាករសំខាន់ៗមួយចំនួន ការលើកលែងកម្រៃសេវា ចុះបញ្ជី ការសម្រួលនីតិវិធីបង់ពន្ធជាកញ្ចប់តាមដំណាក់កាល ការលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះការធ្វើសវនកម្មពន្ធដារ ព្រមទាំងការផ្តល់ ការលើកទឹកចិត្ត ដោយពន្ធអាករជាបន្ទុករបស់រដ្ឋលើការផលិត និង/ឬ ការផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ គោលដៅទេសចរណ៍ ក្នុងខេត្តព្រះសីហនុ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)