Register Already an agent ? Login

ក្រសួងអភិវឌ្ឍន៍ជនបទ មានគម្រោងយកភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត អភិវឌ្ឍជាភូមិគំរូគន្លឹះ

កំពត៖ ក្រសួងអភិវឌ្ឍន៍ជនបទ មានគម្រោងយកភូមិកូនសត្វ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ៥៨៦គ្រួសារ អភិវឌ្ឍជាភូមិគំរូគន្លឹះ មានសក្ដានុពល លើកការបង្កបង្កើនផលស្រូវ ចំការ និងដាំដំណាំសំខាន់ៗ រួមមាន ស្វាយ មេ្រច ទុរេន ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រទាក់ក្រឡា ដែលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់ផងដែរ។

លោក​ ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ អនុរដ្ឋលេខាធិការ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានចុះពិនិត្យស្ថានភាព និងសក្ដានុពល ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត នារសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។

លោក ឆាយ ប្ញទ្ធិសែន និងប្រតិភូរួមដំណើរ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ក៏បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍតំបន់ជនបទឱ្យមានការរីកចម្រើន ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ ក្នុងការជួយអភិវឌ្ឍនៅតំបន់ជនបទ។

លោក បានបន្តថា ជាពិសេស ការលើកកម្រិតគុណភាពផ្លូវពីផ្លូវក្រាលល្បាយដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវក្រាលបេតុង ដែលមានភាពធន់នឹងអាកាសធាតុ, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងបង្គន់អនាម័យ, ការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិតដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរ និងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ។

ក្នុងឱកាសនោះ លោក រដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានទៅពិនិត្យស្ថានភាពការបង្កបង្កើនផលដំណាំរបស់សហគមន៍ រួមមានបន្លែននោង ប៉េងប៉ោះ និងដំណាំពោតជាដើម។ លោក ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សិក្សាបន្ថែមពីតម្រូវរបស់សហគមន៍តាមវិស័យ ដើម្បីបំពេញបន្ថែមតាមរយៈកម្មវិធីត្រី-វិស័យ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាសហថាមពល។

បន្ទាប់ពីបានពិនិត្យសក្តានុពលភូមិរួចមក លោក រដ្ឋមន្ដ្រី បានទៅពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវ១ខ្សែ (កូនសត្វ-ព្រៃធំ) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងក្រាលបេតុង ប្រវែង ៨,៥៦គីឡូម៉ែត្រ មានលូមូលចំនួន ១៣កន្លែង និងលូប្រអប់ចំនួន ២កន្លែង តភ្ជាប់ពីភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ខេត្តកែប។

ផ្លូវនេះ បានបើកការដ្ឋាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បច្ចុប្បន្នវឌ្ឍនភាព ៩៦,៧៥% គ្រោងបញ្ចប់នៅពេលខាងមុខដ៏ខ្លីនេះ។ ប្រជាពលរដ្ឋ ដែលទទួលផលពីខ្សែផ្លូវនេះមានចំនួន ៥ ៨៦៤គ្រួសារ ស្មើនឹង ២៧ ២២៧នាក់ ដោយឆ្លងកាត់សាលារៀន វត្តអារាម និងមានប្រជាពលរដ្ឋលក់ដូរតាមខ្សែផ្លូងជាច្រើនផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)