
ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចបង្កើតការិយាល័យ «ច្រកចេញចូលតែមួយ» ប្រចាំនៅសួនកសិ-ឧស្សាហកម្ម ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានផ្ទៃដី ៨០ហិកតា ក្នុងទុនវិនិយោគ ១០០លានដុល្លារ ដើម្បីគាំទ្របច្ចេកទេសលើការកែច្នៃកសិផល និងជួយសម្រួលនិតិវិធីនៃការនាំចេញនាំចូល។
តាមការសម្រេចបង្កើតការិយាល័យ «ច្រកចេញចូលតែមួយ» នេះបន្ទាប់ពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រជុំពិភាក្សាលើការបង្កើត និងដំណើរការការិយាល័យ «ច្រកចេញចូលតែមួយ» ប្រចាំការនៅសួនកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC.។
ការិយាល័យ «ច្រកចេញចូលតែមួយ» នេះមានសមាសភាព មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តព្រះសីហនុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការផ្តល់ការគាំទ្របច្ចេកទេសលើការកែច្នៃកសិផល កិច្ចសម្រួលពាណិជ្ជកម្ម នីតិវិធីបញ្ចេញទំនិញពីគយ និងការជំរុញការនាំចេញ ព្រមទាំងការផ្តល់វិញ្ញាបនបត្រស្តង់ដាអនាម័យ, លិខិតអនុញ្ញាតនាំចេញ/នាំចូល និងការលើកដាក់ទំនិញនៅកំពង់ផែ។
គួរបញ្ជាក់ថា សួនកសិ-ឧស្សាហកម្មនេះ មានផ្ទៃដីទំហំ៨០ ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារ បង្កើតឡើង ដើម្បីជំរុញការកែច្នៃ និងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្តល់សេវានានា ជាខ្សែច្រវាក់ផលិតកម្មប្រមូលផ្តុំ និងមានចរិតជាប្រព័ន្ធអេកូឡូស៊ី ដូចជា៖ ការលាងសម្អាត ឃ្លាំងត្រជាក់ ឃ្លាំងសម្ងួត ការកែច្នៃ និង ការវេចខ្ចប់ ជាដើម។
ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ ស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ដែលអាចក្លាយជាសួនសាកល្បង និង/ឬ គំរូមួយ សម្រាប់រៀនសូត្រ និង ដកស្រង់ពិសោធន៍ក្នុងការអភិវឌ្ឍសួន ឬ តំបន់កសិ-ឧស្សាហកម្មនៅកន្លែងដទៃទៀត។
កាលពីខែកក្កដា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC. បង្កើតសួនកសិ-ឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។
គម្រោងសួនកសិ-ឧស្សាហកម្មនេះ ទទួលបានគោលការណ៍លើកទឹកចិត្តពិសេស ពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ស្ថិតក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលរាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ២០២៥៕
ដោយ៖ មឿន ឌីណា (Moeun Dyna)