
កំពង់ចាម៖ គិតត្រឹមបំណាច់ឆ្នាំ២០២៤ រដ្ឋាករទឹកកំពង់ចាម បានផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋជិត ២ម៉ឺនគ្រួសារ ស្មើនឹងប្រមាណ ៧៣% នៃប្រជាជនសរុបដែលទទួលបានទឹកស្អាតនៅក្នុងតំបន់សេវាកម្ម។ បើតាមការលើឡើង លោក តេង សាវឿន អគ្គនាយករដ្ឋាករទឹកខេត្តកំពង់ចាម។
រដ្ឋាករទឹកកំពង់ចាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត នឹងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ សម្រាប់ឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់កម្ពុជា ស្តីពី«ទឹកស្អាតនិងអនាម័យត្រឹមឆ្នាំ២០៣០»។ ជាការលើកឡើងបន្ត លោក តេង សាវឿន។
លោក តេង សាវឿន បានបន្តទៀតថា រដ្ឋាករទឹកកំពង់ចាម បានគិតគូរពីតម្រូវការទឹកស្អាតជូនប្រជាពលរដ្ឋ ដោយបានរកដៃគូអភិវឌ្ឍន៍នានា សម្រាប់ធ្វើការពង្រីកសមត្ថភាពផ្គត់ផ្គង់បន្ថែម ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។ បច្ចុប្បន្ន រដ្ឋាករទឹកកំពង់ចាម បាននឹងកំពុងសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិងបណ្ដាញថ្មី ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវាកម្មបានប្រមាណ ៧.០០០តំណ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខមាលភាពប្រជាជន បរិស្ថានស្អាត និងចូលរួមកាត់បន្ថយភាពក្រីក្រ ដោយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥នេះ។
គម្រោងនេះ ស្ថិតក្រោមគម្រោងហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ជាការបន្ថែម អគ្គនាយក បានឱ្យដឹងថា គម្រោងនេះទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន Beijing Urban Constructions Group .Co,LTD អនុវត្តបានប្រមាណ៨៦% ដោយមានការយឺតយ៉ាវជាងផែនការ ដោយសារតែស្ថានភាពភូមិសាស្ត្រ និងកំរិតទឹកទន្លេឡើងលឿនជាងបណ្តាឆ្នាំមុន។
គូសបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាករទឹកខេត្តកំពង់ចាម មានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី១ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម មានសមត្ថភាពផលិតទឹកបានចំនួន ១១.៥០០ម៉ែតគូបក្នុង១ថ្ងៃ និងបណ្តាញចែកចាយប្រវែង៥៧គីឡូម៉ែត្រ ដោយដំណើរការផ្គត់ផ្គង់ ២៤ម៉ោងក្នុងមួយថ្ងៃ។
មកដល់ពេលនេះ នៅទូទាំងខេត្តកំពង់ចាម រដ្ឋាករទឹកបានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួនជិត ១៨.៦០០គ្រួសារ(១៨.៥៩៣) ដែលស្មើនឹង៧៣% នៃអ្នកទទួលបានទឹកស្អាតប្រើប្រាស់ និងមានអត្រាគ្របដណ្ដប់លើផ្ទៃសេវាកម្មបានចំនួន៦២ ក្នុងចំណោម៨២ភូមិ ដែលស្មើនឹង៨៣% បើគិតត្រឹមបំណាច់ឆ្នាំ២០២៤៕
ដោយ៖ មឿន ឌីណា (Moeun Dyna)