Register Already an agent ? Login

ពន្ធដារកម្ពុជា៖ ការលើកទឹកចិត្តសំខាន់ៗ នៃពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់

ភ្នំពេញ៖ វាគ្មិនក្នុងកម្មវិធីពន្ធដារកម្ពុជា លើកឡើងពីការលើកទឹកចិត្តសំខាន់ៗ ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលអ្នកជាប់ពន្ធត្រូវបំពេញកាតព្វកិច្ចប្រកាសនិងបង់ប្រាក់ពន្ធ ចាប់ពីខែមករា ដល់ដំណាច់ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ មានន័យថា សម្រាប់ឆ្នាំ២០២៥ ត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺត បំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ។

អនុប្រធានការិយាល័យនៃនាយកដ្ឋានពន្ធអចលនទ្រព្យ និងចលនទ្រព្យ លោក ប៉ែន ពេជ្រដារ៉ូ និងលោកស្រី សំ ធិបវ៉ាត់ឌី មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ ដែលជាវាគ្មិន បានលើកយកប្រធានបទសំខាន់មួយមកធ្វើបទបង្ហាញ និងពិភាក្សាគី ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់។

កម្មវិធីនេះ ផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្នុងកម្មវិធី “ពន្ធដារកម្ពុជា”។

បើតាមវាគ្មិនទាំងពីរបានលើកឡើងថា ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជាប្រភេទពន្ធប្រចាំឆ្នាំដែលអ្នកជាប់ពន្ធត្រូវបំពេញកាតព្វកិច្ចប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីខែមករា ដល់ដំណាច់ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ មានន័យថាសម្រាប់ឆ្នាំ២០២៥ ត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

ក្នុងដំណាក់កាលបច្ចុប្បន្ន ពន្ធលើអចលនទ្រព្យអនុវត្តចំពោះតែអចលនទ្រព្យស្ថិតក្នុងរាជធានីភ្នំពេញ និងបណ្តាក្រុងនៃខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍លើកទឹកចិត្តពន្ធចំពោះពន្ធនេះដូចខាងក្រោម៖

-អចលនទ្រព្យដែលមានតម្លៃតិចជាង ឬស្មើ ១០០ ០០០ ០០០ (មួយរយលាន) រៀល ត្រូវទទួលបានការលើកលែងពន្ធលើអចលនទ្រព្យ

-អចលនទ្រព្យជាប្រភេទដឹកសិកម្ម ដែលប្រជាពលរដ្ឋកំពុងបង្កបង្កើនផល និងសំណង់ដែលបម្រើផ្ទាល់និងអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម ដែលអចលនទ្រព្យមានភូមិសាស្ត្រស្ថិតនៅក្នុងរាជធានី និងក្រុងនៃខេត្តនានា ដោយពុំចាំបាច់ភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពី ការប្រើប្រាស់ដីធ្លីកសិកម្មពីស្ថាប័នមានសមត្ថកិច្ចឡើយឱ្យតែនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) បានបញ្ជាក់ថាជាប្រភេទដីធ្លីកសិកម្ម

-ករណីអចលនទ្រព្យដែលមានឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) ជាប្រភេទដីលំនៅឋានដែលមានភូមិសាស្ត្រស្ថិតនៅ ក្នុងរាជធានីភ្នំពេញនិងក្រុងនៃខេត្តនានា ប៉ុន្តែស្ថានភាពប្រើប្រាស់ដីធ្លីជាក់ស្តែងត្រូវបានប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផល អចលនទ្រព្យនោះត្រូវទទួលបានការលើកលែងពីការបង់ពន្ធលើអចលនទ្រព្យផងដែរ ប៉ុន្តែតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន

-អចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក បន្តអនុញ្ញាតឱ្យចុះបញ្ជីនិងបង់ប្រាក់ពន្ធចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយ និងចំពោះអចលនទ្រព្យដែលបានចុះបញ្ជីនិងប្រកាសបង់ពន្ធកន្លងមក ប៉ុន្តែខកខានពុំបានប្រកាសបង់ពន្ធក្នុងឆ្នាំខ្លះអនុញ្ញាតបន្តការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥

-លើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះសង្កាត់ចំនួន៤ (បួន) ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្យ និងសង្កាត់រកាខ្ពស់ ដែលកាត់ពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល ព្រមទាំងអចលនទ្រព្យស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត។

ដោយពន្ធលើដីធ្លីមិនបានប្រើប្រាស់ រាជរដ្ឋាភិបាលបានសម្រេចព្យួរការអនុវត្តពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៤ ហើយសម្រាប់ការអនុវត្ត ចាប់ពីឆ្នាំ២០២៥ តទៅពន្ធនេះត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌក្នុងការលើកលែងពន្ធមួយចំនួន ដូចខាងក្រោម៖

ក. ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។

ខ. ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ ៥ហិកតា ក្នុងដីមួយកន្លែង។

គ. ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាម លក្ខខណ្ឌណាមួយដូចខាងក្រោម៖

-ដឹកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬរអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់

-ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ

-ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល

-ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល

-ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ, ដីធ្លីរបស់សហគមន៍

-ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ

-ដីដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម

-ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ឬមិន ត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញភាគព្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)