Register Already an agent ? Login

នៅសល់តែ១៨ថ្ងៃទៀត ការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយផុតកំណត់

ភ្នំពេញ៖ នៅសល់តែ ១៨ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយនឹងត្រូវផុតកំណត់។

ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលអ្នកជាប់ពន្ធមានកាតព្វកិច្ចប្រកាសនឹងបង់ប្រាក់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំជាប់ពន្ធនីមួយៗ ដូច្នេះសម្រាប់ឆ្នាំ២០២៥អ្នកជាប់ពន្ធនៅមានពេល ១៨ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំទាំង ៣ប្រភេទនេះ។

អ្នកជាប់ពន្ធដែលខកខាន មិនបានបំពេញកាតព្វកិច្ចទាន់ពេលវេលា ប្រឈមនឹងការទទួលរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ជាធរមាន។

អ្នកជាប់ពន្ធ អាចប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ តាមប្រព័ន្ធអនឡាញ ដោយមិនគម្រូវឱ្យអ្នកជាប់ពន្ធ ចំណាយពេលវេលាមកផ្ទាល់នៅរដ្ឋបាលសារពើពន្ធនោះទេ ក្នុងនោះ ពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់ លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (Tol e-Filing) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំ និងកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់ អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។

ពន្ធប៉ាតង់ អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) ព្រមទាំងអាចបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង ដោយឡែក ពន្ធលើផ្ទាំងផ្សព្វផ្សាយ អ្នកជាប់ពន្ធអាចប្រកាសនិងបង់ប្រាក់ពន្ធបាន តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)