
ព្រះសីហនុ៖ គណៈប្រតិភូសហភាពអឺរ៉ុប ដែលមានសមាសភាពសរុបប្រមាណ ១២រូប មកពី១០ប្រទេស មកស្វែងយល់ពីលទ្ធភាព និងឱកាសក្នុងការវិនិយោគក្នុងខេត្តព្រះសីហនុ ទៅលើវិស័យអាទិភាពផ្សេងៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ភស្តុភារកម្មសមុទ្រ និងជលយានដ្ឋាន។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសហភាពអឺរ៉ុប មកពី១០ប្រទេស ដឹកនាំដោយលោក Andreas BERG អនុប្រធានបេសកម្មការទូត និងជាប្រធានផ្នែកព័ត៌មាននិងកិច្ចការនយោបាយនៃប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំកម្ពុជា។

គណៈប្រតិភូ EU មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់អំពីការអភិវឌ្ឍកំពង់ផែ លទ្ធភាពនិងឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសឱកាសវិនិយោគក្នុងខេត្ត នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។
នាឱកាសនោះ លោកអភិបាលរង បានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ខេត្តព្រះសីហនុ បាននឹងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀតក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ជាការបន្ត លោកអភិបាលរង។
បើតាម លោកអភិបាលរងរូបនេះ បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។

បន្ថែមពីលើនេះ លោក ឡុង ឌីម៉ង់ បានលើកឡើងពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការរបស់រាជរដ្ឋាភិបាលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។
តាមជំនួបនេះ លោកប្រធាននៃគណៈប្រតិភូ បានលើកឡើងថា នេះជាលើកទី១នៃការធ្វើទស្សនៈកិច្ចផ្លូវការរបស់ប្រតិភូសហភាពអឺរ៉ុប ហើយខេត្តព្រះសីហនុជាទីតាំងដ៏មានសក្តានុពលបំផុតមួយរបស់កម្ពុជា។

លោកប្រធាន ប្រតិភូបានបង្ហាញគោលបំណងនៃការវិនិយោគទៅលើវិស័យអាទិភាពផ្សេងៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ភស្តុភារកម្មសមុទ្រ និងជលយានដ្ឋានផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)