
ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង។ បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងនោះ គម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។
ក្នុងចំណោម គម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង។
ជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈ ទុនវិនិយោគមានការកើនឡើងជាង ៣០៥លានដុល្លារ ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤។
ដោយឡែក ក្នុងខែមីនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦០គម្រោង ក្នុងទុនវិនិយោគប្រមាណ ១,៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ម៉ឺនកន្លែង ក្នុងនោះ គម្រោងពង្រីកផលិតកម្មមានចំនួន ២គម្រោង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)