Register Already an agent ? Login

ប្រជាពលរដ្ឋខេត្តតាកែវ ៥ភូមិ ស្នើសុំកាត់ឆ្វៀលដីជាង ៣០០ហិកតា ស្របច្បាប់ ខណៈអភិបាលខេត្តរងចាំសម្រេចពីថ្នាក់លើ

តាកែវ៖ ប្រជាពលរដ្ឋខេត្តកែវចំនួន ១៤៦គ្រួសារ មានភូមិ៥ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ស្នើសុំអាជ្ញាធរកាត់ឆ្វៀលដីជាង ៣០០ហិកតា ប្លង់កម្មសិទ្ធស្របច្បាប់ ចេញពីតំបន់សហគមន៍ឡូតិ៍នេសាទបឹងស្លែង ដែលមានផ្ទៃដីសរុបជាង ៥០០ហិកតាជូនពួកគាត់។ ខណៈ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឯកភាពតាមសំណើ បានណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញ ចុះពិនិត្យស្រង់ស្ថិតិជាក់ស្ដែង ប្រមូលជារបាយការណ៍រួមសុំការសម្រេចពីថ្នាក់លើ។

តំណាងប្រជាពលរដ្ឋជាង ១០០គ្រួសារ មកពីភូមិចំនួន៥ បាននាំគ្នាប្រមូលផ្ដុំតវ៉ា និងបានស្នើសុំអាជ្ញាធរកាត់ឆ្វៀលដីជាង ៣០០ហិកតា ជាប្លង់កម្មសិទ្ធស្របច្បាប់ចេញពីតំបន់សហគមន៍ឡូតិ៍នេសាទបឹងស្លែង ដែលមានផ្ទៃដីសរុបជាង ៥០០ហិកតា ជូនពួកគាត់ដែលបានធ្វើកសិកម្មលើដីនេះតាំងពីឆ្នាំ១៩៨០មក។

លោក វ៉ិ សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានចុះជួបពិភាក្សាជាមួយតំណាងប្រជាពលរដ្ឋ ៥ភូមិ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី និងដោះស្រាយជាមួយប្រជាពលរដ្ឋពីបញ្ហានេះ។

ថ្លែងនៅចំពោះមុខតំណាងប្រជាពលរដ្ឋ ១៤៦គ្រួសារ អភិបាលខេត្តតាកែវ បានឯកភាពតាមសំណើររបស់ប្រជាពលរដ្ឋ ដោយ លោក បានណែនាំដល់អាជ្ញាធរ ស្រុកឃុំភូមិ និងមន្រ្តីជំនាញចុះពិនិត្យស្រង់ស្ថិតិ អត្តសញ្ញាណដីជាក់ស្ដែង ដើម្បីប្រមូលជារបាយការណ៍រួមមួយ ដាក់ស្នើសុំបន្តទៅថ្នាក់ជាតិសុំយោបល់សម្រេច។

លោក បានបញ្ជាក់ថា ពីព្រោះថាតំបន់នេះ គឺកន្លែងដែលបានចុះបញ្ជីនៅក្រសួងកសិកម្ម ដូច្នេះ ប្រសិនមានតម្រូវការចំបាច់ជាក់ស្ដែងបែបនេះ ទាល់តែយើងប្រមូលរបាយការណ៍ជាក់លាក់ ដាក់ពាក្យស្នើសុំទៅក្រសួង និងរាជរដ្ឋាភិបាល ដើម្បីកាត់ចេញឱ្យប្រជាពលរដ្ឋ។

លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី បានឱ្យដឹងថា តំបន់ដែលប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរជួយចេញប្លង់កម្មសិទ្ធនោះ គឺជាតំបន់សហគមន៍ឡូតិ៍នេសាទបឹងស្លែង ដែលបានចុះបញ្ជីនៅក្រសួងកសិកម្មរួចរាល់អស់ហើយ ប៉ុន្តែ បច្ចុប្បន្នមានប្រជាពលរដ្ឋអាស្រ័យផលជាក់ស្ដែង ១៤៦គ្រួសារ ស្មើនឹងផ្ទៃដី ៣០៥,៧២ហិកតា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)