Register Already an agent ? Login

ប្រជាពលរដ្ឋ នៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានទទួលបណ្ណកម្មសិទ្ធិដីធ្លីជិត ១ម៉ឺនបណ្ណ

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៨២៥បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៤ ១៩៩គ្រួសារ នៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

ការចែកបណ្ណជូនប្រជាពលរដ្ឋនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ នាថ្ងៃនេះមានចំនួន ៥ភូមិ សរុបចំនួន ៩ ៨២៥បណ្ណ ស្មើនឹង ៤ ១៩៩គ្រួសារ។ ជាការថ្លែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប្រធានមន្ទីរ បានថ្លែងបន្តថា ក្នុងនោះមាន ភូមិចំការស្វាយ មានចំនួន ៣ ០៦៩បណ្ណ ស្មើនឹង ១ ១៨៤គ្រួសារ, ភូមិខ្នាច មានចំនួន ២ ០៦៩បណ្ណ ស្មើនឹង ៨២០គ្រួសារ, ភូមិវត្តសេដ្ឋី មានចំនួន ១ ៤៩៧បណ្ណ ស្មើនឹង ៨១៥គ្រួសារ, ភូមិអង្គ្រង មានចំនួន ១ ១៦៤បណ្ណ ស្មើនឹង ៥៣៣គ្រួសារ និងភូមិពារាជ្យ មានចំនួន  ២ ០២៦បណ្ណ ស្មើនឹង  ៨៤៧គ្រួសារ។

លោក ស៊ុន ស៊ុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លី ដែលបានប្រឹងប្រែងខិតខំបំពេញភារកិច្ច ធ្វើឱ្យសម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ និងបានសម្ដែងនូវការអបអរសារទរ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាឱកាសនេះ។

លោក ឆាយ ឫទ្ធិសែន ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនេះ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលសម្រេចបានជាបន្ដបន្ទាប់នៅទូទាំងខេត្តកំពង់ឆ្នាំង ជាពិសេស ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានលឿននិងមានប្រសិទ្ធភាព។

ការងារចុះបញ្ជីដីធ្លី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាផ្នែកមួយដើម្បីធានាបាននូវសុវត្ថិភាពដីធ្លី បញ្ចៀសបាននូវរាល់ទំនាស់ដីធ្លី ទំនាស់ព្រំដី ជាវត្ថុសម្គាល់កម្មសិទ្ធិករស្របច្បាប់ពេញលេញជូនអ្នកកាន់កាប់ និងអាចយកទៅប្រើប្រាស់តាមតម្រូវការ។ ជាការថ្លែងបន្ត លោករដ្ឋមន្រ្តី។

លោករដ្ឋមន្រ្តី បានថ្លែងបន្តថា ចូលរួមចំណែកធ្វើឱ្យតម្លៃដីអចលនទ្រព្យកើនឡើង ជាការកំណត់ប្រភេទដី បង្កភាពងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំដីធ្លីឱ្យមានសណ្តាប់ធ្នាប់ល្អ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប,និងជាផ្នែកមួយនៃការផ្តល់សេវាសាធារណៈផ្ទាល់ដៃជូនដល់ប្រជាពលរដ្ឋប្រកបដោយជំនឿទុកចិត្ត។

នាឱកាសនោះ លោក រដ្ឋមន្រ្ដី បានផ្តល់អនុសាសន៍ជូនដល់ក្រុមការងារបច្ចេកទេស ត្រូវបន្តជំរុញបញ្ចប់ការងារវាស់វែងតាមផែនការដែលបានកំណត់ ដើម្បីឈានទៅរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ និងសម្រេចបានខេត្តកំពង់ឆ្នាំង ជាខេត្តបន្ទាប់បានបញ្ចប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ១០០% ព្រមទាំងបានផ្ដាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់សូមបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)