Register Already an agent ? Login

Starlink - SpaceX៖ កម្ពុជា គឺជាគោលដៅអាទិភាពមួយក្នុងចំណោមគោលដៅវិនិយោគរបស់ក្រុមនៅក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ លោកស្រី Rebecca Hunter នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុន Starlink – SpaceX បានគូសបញ្ជាក់នាជំនួបជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថា កម្ពុជា គឺជាគោលដៅអាទិភាពមួយក្នុងចំណោមគោលដៅវិនិយោគរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៥ នេះ។

បើតាមជំនួបមន្ត្រីជាន់កម្ពុជា និងនាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុន Starlink – SpaceX នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបរសៀលនេះ លោកស្រីនាយិកាផ្នែកទីផ្សារ បានជម្រាប ឧបនាយករដ្ឋមន្ត្រីឱ្យបានជ្រាបថា ទស្សនកិច្ចមកកម្ពុជានាឱកាសនេះ ក្រុមហ៊ុន Starlink - SpaceX បានកំណត់ទិសដៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការស្នើសុំជួបជែកពិភាក្សាជាមួយប្រមុខរាជរដ្ឋាភិបាល។

លោកស្រី បានបន្តថា ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៅតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព និងបរិយាកាសនៃការវិនិយោគលើការធ្វើទំនើបកម្មបច្ចេកវិទ្យា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាព និងឱកាសក្នុងការវិនិយោគ។

នាឱកាសនោះ លោកស្រីនាយិកា ក៏បានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅអាទិភាពមួយក្នុងចំណោមគោលដៅវិនិយោគរបស់ក្រុមហ៊ុនខ្លួននៅក្នុងឆ្នាំ២០២៥ នេះ។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍លើកម្ពុជា ក្នុងការជ្រើសរើសជាទីតាំងស្វែងរកឱកាសវិនិយោគនៅក្នុងផែនការរបស់ខ្លួន។

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានគូសបញ្ជាក់បន្ថែមអំពី ការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដែលជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្នផងដែរ។

គួររម្លឹកថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX ស្ថិតក្នុងតំបន់ Hawthorne ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទំនើបកម្មបច្ចេកវិទ្យាទំនើបថ្មីៗ ប្រព័ន្ធប្រតិបត្តិការផ្កាយរណប ក៏ដូចជារបៀបរបបនៃការបង្កើនប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ក្រុមហ៊ុន ជាពិសេស ប្រតិបត្តិការក្រុមផ្កាយរណប Starlink ជាដើម។

គួរបញ្ជាក់ថា មុនជំនួបជាមួយ លោក ស៊ុន ចាន់ថុល លោកស្រី Rebecca Hunter បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោកស្រីនាយិកាទីផ្សារ បានជម្រាបជូន សម្ដេចធិបតី អំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX - Starlink និងបានគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥។ គណៈប្រតិភូ របស់លោកស្រីក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា​ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ។

ជាការឆ្លើយតប សម្ដេចធីបតី បានសម្ដែងនូវការស្វាគមន៍ និង​ក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ​ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនោះ សម្ដេច ក៏បានលើកទឹកចិត្តឱ្យលោកស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ​ នៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)