ភ្នំពេញ៖ ក្រសួងបរិស្ថាន និងក្រសួងធនធានធម្មជាតិចិន បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីភាពស្អាត ភាពបៃតង និងចីរភាពក្រោមគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមហាសមុទ្រប្រកបដោយចីរភាព។
MoU នេះ ភាគីកម្ពុជាតំណាងដោយ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងភាគីចិនតំណាងដោយ លោក SUN Shuxian អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិចិន។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ មហាសមុទ្រ ប្រកបដោយចីរភាពរវាងក្រសួងបរិស្ថានកម្ពុជា-ចិន នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។
គំនិតផ្តួចផ្តើមរួមគ្នារវាងកម្ពុជាចិន ដែលជាមិត្តដែកថែបយូរអង្វែងនេះ នឹងឆ្លើយតបការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីបៃតង/ខៀវនៃការលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តរភាព។ ជាការថ្លែង លោក លោក អ៊ាង សុផល្លែត។
លោក អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ថា ក្នុងនោះរួមមាន ការសម្អាតមហាសមុទ្រ ការកសាងសមត្ថភាព និងការផ្ទេរបច្ចេកវិទ្យា ទាំងនេះគឺជាគោលបំណងយ៉ាងជាក់លាក់ក្នុងការបង្កើតអត្ថប្រយោជន៍ដ៏មានអត្ថន័យ និងយូរអង្វែងសម្រាប់បរិស្ថាន សម្រាប់សហគមន៍របស់យើង និងមនុស្សជំនាន់ក្រោយរបស់យើង ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងយូរអង្វែងរបស់យើង។
រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈប្រតិភូចិន និងប្រជាពលរដ្ឋរបស់ ចិនគ្រប់រូប ដែលបានយកចិត្តទុកដាក់ជាមួយកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមរបស់បរិស្ថានយើង ពីព្រោះថាបរិស្ថានគឺមិនមានព្រំដែនកំណត់នោះឡើយ។
តាមរយៈកិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងរីកចម្រើនរវាងប្រជាជាតិយើងទាំងពីរ ដែលបានកសាងឡើងរួមគ្នាដោយការគោរពគ្នាទៅវិញទៅមក និងចក្ខុវិស័យរួមគ្នាដើម្បីភាព ស្អាត ភាពបៃតង និងចីរភាពនាពេលអនាគត ដើម្បីការពារមហាសមុទ្ររបស់យើង គ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការបាត់បង់ជីវចម្រុះ ការបំពុល និងការប្រែប្រួលអាកាសធាតុ។ ជាការបន្ថែម លោក អ៊ាង សុផល្លែត។
លោក បានបន្ថែទៀតថា អនុលោមតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើសសរស្តម្ភចំនួនបី គឺភាពស្អាត ភាពបៃតង និងចីរភាព ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕
ដោយ៖ មឿន ឌីណា (Moeun Dyna)