ព្រះសីហនុ៖ គម្រោងវិនិយោគ និងធុរកិច្ចចំនួន ២៥ទៀត ទុនវិនិយោគសរុប ៩១៧លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស។
លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១១ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន២៥ មានទុនវិនិយោគសរុប ៩១៧លានដុល្លារ។
បើតាមកិច្ចប្រជុំ កាលព្រឹកថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តចូលរួម ក្នុងឱកាសនេះ លោក បានលើកឡើងថា ចាប់ពីដើមឆមាសទី២ ឆ្នាំ២០២៤ យើងឃើញមានកំណើនភ្ញៀវទេសចរបរទេសពីសហភាពអឺរ៉ុប និងប្រទេសនានា ដែលជាសញ្ញាវិជ្ជមានសម្រាប់ការធ្វើពិពិធកម្មវិនិយោគ និងទេសចរ។
លោក អភិបាលរងខេត្ត បានបន្តថា ជាមួយគ្នានេះ វិស័យឯកជនកាន់តែយល់ដឹង និងបានសម្រេចចិត្តវិនិយោគក្នុងខេត្ត ពិសេសចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤ រួមទាំងការវិនិយោគដែលតម្រង់ទិស ឬផ្តោតការវិនិយោគលើវិស័យនានាក្រៅពីកាស៊ីណូ។
ជាលទ្ធផល អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៥គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន១២, គម្រោងថ្មីចំនួន១២, និងការពង្រីកគម្រោង ចំនួន១ មានទុនវិនិយោគសរុប ៩១៧លានដុល្លារ។ គម្រោងទាំងនេះមានដូចជា៖ រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និង រមណីយដ្ឋាន។
គូសបញ្ជាក់ថា ក្នុងចំណោមគម្រោងដែលទទួលបានការលើកទឹកចិត្តខាងលើ ក៏មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគដោយជនជាតិប៉ូឡូញ ដើម្បីទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប និងប្រទេសនានា។
សូមរម្លឹកផងដែរថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំនួន ១៤០គម្រោង រួចមក។
គិតត្រឹមខែកញ្ញាកន្លងទៅ បើរាប់បញ្ចូលទាំងគម្រោងដែលទទួលបានការឯកភាពជាគោលការណ៍ គិតត្រឹមខែតុលានេះ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេសសរុបចំនួន ១៦៥គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និងធំរបស់ម្ចាស់គម្រោង និងក្រុមហ៊ុនក្នុងស្រុក និងបរទេស មានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះ គម្រោងមានទុនវិនិយោគលើសពី ១០០លានដុល្លារមានចំនួន ២៣គម្រោង។
ក្នុងចំណោម គម្រោងទាំង១៦៥ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន៨៥, គម្រោងថ្មីមានចំនួន៦១, ការពង្រីកគម្រោងមានចំនួន១៥ និងគម្រោងមានស្រាប់មានចំនួន៤។ គម្រោងទាំងនេះ ក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងផលិតផ្ទាំងសូឡានិងគ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម, និងគម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)