Register Already an agent ? Login

រោងចក្រផលិតដំណាប់ស្វាយ នៅព្រះសីហនុ បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ប្រព័ន្ធគ្រប់គ្រងបញ្ចេញសំណល់រាវ

ព្រះសីហនុ៖ ក្រុមហ៊ុន ជីន ហួយ (ខេមបូឌា) ខូអិលធីឌី ផលិតដំណាប់ស្វាយ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ នៅខេត្តព្រះសីហនុ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ដែលកំណត់តាមច្បាប់ជាធរមានរបស់កម្ពុជា។

ក្រសួងបរិស្ថាន និងក្រុមហ៊ុន ជីន ហួយ (ខេមបូឌា) ខូអិលធីឌី បានចុះហត្ថលេខាលើកិច្ចសន្យា បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

បើតាមពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមជាសក្ខីភាពពីឯកឧត្តម ម៉ៅ សូវែង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មេធាវីប្រចាំក្រសួងបរិស្ថាន, ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន។

ក្រសួងបរិស្ថាន ថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន ជីន ហួយ (ខេមបូឌា) ខូអិលធីឌី ដែលបានគោរពច្បាប់ជាធរមានរបស់កម្ពុជា ចូលរួមចំណែកក្នុងការលើកកម្ពស់ភាពស្អាត ក្នុងដែនទឹកស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

ក្រុមហ៊ុនវិនិយោគ បានបង្ហាញនូវភាពស្មោះត្រង់ក្នុងការបញ្ចេញសំណល់រាវ ក្រោយការសម្អាតរួចរបស់ខ្លួន សម្រាប់មន្រ្តីជំនាញក្រសួងបរិស្ថាន ធ្វើការតាមដានពីចម្ងាយតាមប្រព័ន្ធបច្ចេកវិទ្យា នូវដំណើរការបញ្ចេញសំណល់រាវរបស់ខ្លួន។

គូសបញ្ជាក់ថា ក្រមបរិស្ថាន និងធនធានធម្មជាតិនៅត្រង់មាត្រា១៧៨ មាត្រា២៨៧ និងអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា២៣ ចំណុចគ និងប្រកាសស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យការបំពុលបរិស្ថាននៅប្រភពបំពុលសក្តានុពុល សូមធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនេះ។

សូមបញ្ជាក់ថា រោងចក្រ-សហគ្រាសចំនួន ១៥កន្លែងផ្សេងទៀត នៅក្នុងខេត្តស្វាយរៀង កណ្តាល បាត់ដំបង និងនៅរាជធានីភ្នំពេញ បាននិងកំពុងធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ជាបន្តបន្ទាប់ ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន ១២២កន្លែង ដែលមានប្រភពសក្តានុពលប្រភពបំពុល ដូចជាប្រភេទរោងចក្របោកគក់ ជ្រលក់ព៌ណ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាលសម្រេច មួយចំនួនជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)