ភ្នំពេញ៖ ឆមាសទី១ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៩០ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៣.២៥៨លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ ១៦៩ពាន់កន្លែង។ បើតាមការថ្លែង លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា។
តាមការថ្លែងខាងលើ លោក សរ សិនិរ៉ា បានអញ្ជើញចូលរួមផ្ដល់បទឧទ្ទេសនាម លើប្រធានបទស្ដីពី “ការជំរុញការវិនិយោគ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន” ក្នុងកម្មវិធីគ្រប់គ្រងកម្រិត២ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
លោក បានថ្លែងបន្តថា ដោយឡែក ក្នុងខែកញ្ញាកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ២៨គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៤៣លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ ២៥ ពាន់កន្លែងបន្ថែមទៀត។
ដើម្បីជាមូលដ្ឋាននៃពុទ្ធិ និងជាឃ្លាំងព័ត៌មានសម្រាប់ផ្សព្វផ្សាយបន្ត លោក សរ សិនិរ៉ា បានរំលេចជូន សិក្ខាកាមនូវកត្តាអំណោយផលរបស់កម្ពុជា ដែលជាភាពទាក់ទាញដល់ការវិនិយោគផ្ទាល់ពីបរទេស ក្នុងខណៈដែលសកលលោកកំពុងស្ថិតក្នុងស្ថានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ទន្ទឹមនឹងការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែនឹងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសេវាថែទាំវិនិយោគ តាមរយៈយន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការផ្សេងៗទៀត។
ដោយឡែក ក្រៅពីការវិនិយោគផ្ទាល់ ១០០% វិនិយោគិនក៏បានពិចារណាការវិនិយោគក្រោមរូបភាពជាដៃគូជាមួយរដ្ឋ ទៅតាមច្បាប់បទប្បញ្ញត្តិជាធរមានផងដែរ។
គូសបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការប្រតិភូកម្មសិទ្ធអំណាចមករដ្ឋបាល រាជធានី-ខេត្ត គិតត្រឹមឆ្នាំ២០២៤ គម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបមានចំនួន ១៣៨គម្រោង មានទុនវិនិយោគ ១៨.២៨៥.៩១៥.៤៩០,៧០ដុល្លារ។ គិតត្រឹមឆ្នាំ២០២៤ គម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគ សរុបមានចំនួន ១០គម្រោង មានទុនវិនិយោគ ១៤.២៤២.៤៣៥ដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)